ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីបញ្ហាចុះបញ្ជីកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ដោយជំរុញដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវអនុវត្តគោលនយោបាយរបស់យើង ពីដើមឡើយប្រជាពលរដ្ឋដែលមានកម្មសិទ្ធដីធ្លីមិនសូវមានទេ ភាគច្រើនមានមានត្រឹមសិទ្ធកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលប៉ុណ្ណោះ ប៉ុន្តែត្រូវធ្វើយ៉ាងណាឱ្យពួកគាត់មានកម្មសិទ្ធឯកជន ដើម្បីរុញច្រានបណ្តើរៗ ជាពិសេសនៅឆ្នាំ២០១១ សម្តេចតេជោបានដាក់ចេញនូវគោលនយោបាយវាស់វែងដីធ្លី «គោលនយោបាយចាស់សកម្មភាពថ្មី» ដោយយើងវាស់វែងបានច្រើនហើយ និងត្រូវបន្តធ្វើទៀត។
នេះគឺជាការប្រសាសន៍លើកឡើងរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនកម្មករ-កម្មការិនី មកពីរោងចក្រ សហគ្រាស ចំនួន ១៥ មកពីតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ក្រុង-ខេត្តព្រះសីហនុ សរុបប្រមាណ ១៥ ១៩៣នាក់ នៅព្រឹកថ្ងៃអង្គារ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា «បច្ចុប្បន្ននេះមានក្បាលដីដែលបានវាស់វែងរួចហើយនៅសល់ប្រមាណ ៧លានក្បាលដីទៀត ដោយបញ្ចេញនូវក្បាលដីវាស់បន្ថែមនេះ ២លានក្បាលដី និងសល់ ៥លានក្បាលដីដើម្បីចាត់វិធានការធ្វើយ៉ាងណាជំរយុញលើបញ្ហានេះឱ្យបានឆាប់»។
សម្តេចធិបតីបន្ថែមថា «ពេលនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រហើយសម្តេចបានស៊ីញ៉េចេញជាគោលការណ៍រួចហើយដែរ គឺត្រូវប្រើប្រាស់កម្លាំងសរុបទាំងថ្នាក់កណ្តាល ថ្នាក់ខេត្តដើម្បីធ្វើការបែងចែកដីធ្លីឱ្យបងប្អូនឆាប់បានកម្មសិទ្ធយកទៅប្រើប្រាស់ឆាប់រហ័សឱ្យលឿនតាមទៅអាចធ្វើបាន កុំឱ្យកកស្ទះហើយផលទាំងអស់នេះ ដើម្បីឱ្យបានដល់ប្រជាពលរដ្ឋ»៕