អូស្ត្រាលី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់សាជាថ្មី នៅទីក្រុងម៉ែលប៊ល ប្រទេសអូស្ត្រាលី នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញថា «បញ្ហាល្បែងស៊ីសងសម្តេចបានបញ្ជាឱ្យបញ្ឈប់ឱ្យចេញអាជ្ញាប័ណ្ណហើយឱ្យពិនិត្យមើលដើម្បីកាត់បន្ថយ និងលប់អាជ្ញាប័ណ្ណចេញ ព្រោះគ្មានអីចំណេញទេ គឺត្រូវពង្រាយរោងចក្រ ពង្រាយការងារ បង្កើនចំណូលជូនប្រជាពលរដ្ឋឱ្យមានជីវភាពធូធាអត់ត្រូវការមានការពង្រាយទីតាំងល្បែងស៊ីសងរីករាលដាកដល់ភូមិ-ឃុំលប់ចោលទៅវាអត់មានអីចំណេញទេ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ ក្នុងវេទិកាសាធារណៈជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅប្រទេសនូវែលហ្សេឡង់ និងប្រទេសអូស្ត្រាលី ជាង ១ ៦០០នាក់ នាឱកាសសម្តេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ល្បែងឥឡូវនេះមិនដូចពីមុនទេ។ កាលពីមុនព្រឹកចាក់កន្លុយលេខរួចទៅផ្សារ ឬធ្វើកិច្ចការងារផ្សេងៗបានល្ងាចបានអ៊ុត ប៉ុន្តែឥឡូវ៣នាទីចេញម្តង អនឡាញទៀត អត់ទៅណាទេ ប្តីឱ្យលុយទៅផ្សារដើម្បីទិញម្ហូបផ្គត់ផ្គត់គ្រួសារដកពាក់កណ្តាលចាក់ល្បែងឡូតូ ទើបម្ហូបលេខសូវឆ្ងាញ់ធ្វើម៉េចបើលុយចាញ់ល្បែងអស់ខ្លះទៅហើយនោះបង្កឱ្យឈ្លោះគ្នាក្លាយជាអំពើហិង្សាវាជាបន្ទុកបន្ថែមវាមិនចំណេញទេយល់កុំអនុញ្ញាតតែម្តង»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជក់ថា ពាក់ព័ន្ធបញ្ហាល្បែងស៊ីសងនេះ ស្នើសុំអ្នកវិនិយោគមានការយោបយល់ ព្រោះល្បែងនេះបង្កឱ្យមានការលំបាកអត់ចំណេញអីទេ ទោះបីស្របច្បាប់ត្រូវតែដកចេញហើយបើខុសច្បាប់ត្រូវតែបង្ក្រាបដាច់ណាត់តែម្តង។ កន្លែងណាដែលស្របច្បាបសម្តេចធិបតីបានឱ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត ពិនិត្យចាប់ផ្តើមគោលនយោបាយឡើងវិញហើយថ្ងៃមុនអត់យល់គ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថជាមួយអាជ្ញាធរមូលដ្ឋាន សម្តេចបញ្ជាឱ្យបិទជាបណ្តើរៗហើយពិនិត្យមើលលក្ខខ័ណ្ឌដើម្បីពិនិត្យ និងឈានការសម្រេចឡើងវិញ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ក្នុងបរិបទបញ្ចុបច្ចុប្បន្នត្រូវការពង្រាយរោងចក្រ ពង្រាយអាជីវកម្ម បង្កើនការងារដើម្បីយកលុយឱ្យចូលហោប៉ៅប្រជាជនមិនមែនយកល្បែងទៅពង្រាយតាមមូលដ្ឋានប្រមូលលុយមកវិញនោះទេវាអត់ចំណេញ និងផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលតែម្តង»៕