ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើងថា «វិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»។ ប្រសាសន៍លើកឡើងដូច្នេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសសម្តេចប្រធានរដ្ឋសភាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកការដ្ឋានសាងសង់អគារសិក្សា ១ ខ្នង នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចកស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។
សម្តេចពញាចក្រី ហេង សំរិន បានលើឡើងទៀតថា «ហេតុនេះហើយទើបនៅគ្រប់ឃុំ សង្កាត់ ស្រុក មិនថានៅទីប្រជុំជន ឬទីជនបទដាច់ស្រយាល រាជរដ្ឋាភិបាល បានរៀបចំឱ្យមានសាលារៀន ចាប់តាំងពីកម្រិតមតេ្តយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ និងស្ទើរតែគ្រប់ខេត្ត-ក្រុង មានរហូតដល់កម្រិតសាកលវិទ្យាល័យ។ ជាក់ស្តែងនៅមូលដ្ឋានឃុំចកស្ថិតក្នុងស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំនេះជាដើម»។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា វិស័យអប់រំដែលជាវិស័យគន្លឹះ និងអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតដោយបានដាក់ចេញ និងកំណត់យ៉ាងច្បាស់ នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ដែលក្នុងនោះ រួមមាន «មនុស្ស ,ទឹក ,ផ្លូវ ,ភ្លើង និងការបង្ខិតសាលារៀន» ឱ្យទៅជិតនឹងប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត មានឈ្មោះនៅក្នុងបញ្ជី បោះឆ្នោត សូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើស យកមេដឹកនាំ ដែលខ្លួនស្រលាញ់ និងទុកចិត្ត ដែលតែងតែរួម សុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ សំដៅការពារ ថែរក្សា សុខសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់យើងទាំងអស់គ្នា។
សម្តេចបានគូសបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ លើគ្រប់វិស័យ និងនំាមកនូវសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាជនយើង អស់រយៈជាង ៤ទស្សវត្សរ៍មកហើយ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន កើតឡើង ស្ថិតស្ថេរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ ដ៏ឧត្តុងឧត្តមរបស់ប្រទេសជាតិ និងប្រជាជន»។
សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជានឹងបន្តពង្រឹងនូវសាមគ្គីភាពប្រជាជាតិទាំងមូល ដោយមិនបែងចែកនិន្នាការនយោបាយ ភេទ ជំនឿ សាសនា ដើមកំណើតជាតិសាសន៍ និងឋានៈក្នុងសង្គមឡើយ»។ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា «គណបក្សប្រជាជនកម្ពុជានឹងពង្រឹងពង្រីករាល់សមិទ្ធផលនានា ធានាបាននូវសុខសន្តិភាព វិបុលភាព ស្ថិរភាពនយោបាយ ក្នុងដំណើរការកសាង និងការពារមាតុភូមិ តទៅមុខថែមទៀត»។
ដូចនេះ សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ទំាងក្នុង និងក្រៅប្រទេស បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពដ៏រុងរឿង នំាមកនូវវិបុលភាព និងសេចក្តីសុខក្សេមក្សាន្ត ជូនប្រទេសជាតិ និងប្រជាជនយើងទំាងពេលបច្ចុប្បន្ន និងអនាគត៕