ដើម្បីអបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៧ ព្រះវស្សា យាងចូល ៨៨ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់
ប៉ៃលិន÷សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំ ប្រធាន អនុប្រធានកិត្តិយសសាខា អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាក្រុង/ស្រុក អ្នកស្ម័គ្រចិត្ត យុវជន កក្រក និងមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត យុវជនកាយរិទ្ធ យុវជន ស.ស.យ.ក.ក្រុងប៉ៃលិន ចំនួនអ្នកចូលរួមសរុប ១៨៨ នាក់ ក្នុងនោះជាស្រ្តី ៨៨ នាក់ បាននាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត ទៅវេរប្រគេនជូនព្រះសង្ឃនៅក្នុងវត្ត រតនៈសោភ័ណ្ឌ (ហៅ វត្តកោងកាង) ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីយ៍ថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជរាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ដោយ,ស សារឿន