2024-03-04 11:03
359

ម៉ែលប៊ន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងវេទិកាសាធារណៈ នាឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ ប្រមាណជាង ១ ៦០០នាក់ ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់  នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នេះថា «ការធានានូវសន្តិសុខ សន្តិភាពផ្លូវចិត្តជូនប្រជាពលរដ្ឋ គឺជាភាពមិនខ្លាចបាត់បង់ស្ថេរភាព ភាពបាត់បង់នូវអ្វីដែលរយើងធ្លាប់បានជួបប្រទះពីអតីតកាល»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ គឺជារឿងសំខាន់ដែលជាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ។ សម្តេចធិបតីក៏បានរំឭក អំពីព្រឹត្តិការនៃការបោះជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ ថាកាលពីមុនៗមកពេលបោះឆ្នោតម្តងប្រជាពលរដ្ឋរងចាំមើលក្រោយការបោះឆ្នោតមានកើតបញ្ហាអ្វី? ពេលខ្លះបោះឆ្នោតរួចមួយឆ្នាំមិនទាន់ចេញសាច់ការអ្វីផង ព្រោះមានការតវ៉ាផ្សេងៗ និងកន្លែងខ្លះឈាន់ការប្រើប្រាស់អំពើហិង្សា ប៉ុន្តែបោះឆ្នោតលើកនេះ គ្រាន់តែបោះឆ្នោតរួចមានប្រជាពលរដ្ឋកកស្ទះលើផ្លូវល្បឿនលឿនធ្វើដំណើរទៅកម្សាន្តខេត្តព្រះសីហនុ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តថាប្រទេសយើងមិនក្រឡាប់ចាក់ទៅណាទេ គ្រាន់តែបោះឆ្នោតរួចនាំគ្នាទៅលេងកំពង់សោមយ៉ាងច្រើនកុះករមិនមែនបោះឆ្នោតហើយវេចបង្វេចនាំកូននាំចៅរត់គេចនោះទេ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «នេះគឺជាអ្វីដែលជាកក្តាសំខាន ក្នុងការធានារសន្តិសុខ សន្តិភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ គឺភាពមិនខ្លាចបាត់បង់ស្ថេរភាព និងខ្លាចបាត់បង់អ្វីដូចពីមុនៗ»។ សម្តេចធិបតី បានបញ្ជាក់បន្ថែមទៀតថា “អញ្ចឹងប្រជាពលរដ្ឋមានជំជឿទុកចិត្តលើរាជរដ្ឋាភិបាលរបស់ក្នុងការថែរក្សាសុខសន្តិភាព ដូចអ្វីដែលបងប្អូនប្អូនបញ្ចេញមតិពាក្យមួយមាត់នេះកុំឱ្យវាបាត់ឱ្យសោះ ដូចជា «ខ្យល់» យើងមិនឱ្យតម្លៃវាទេ ប៉ុន្តែនៅកន្លែងខ្លះខ្យល់ធ្វើឱ្យយើងធំក្លិនស្អុយ ប៉ុន្តែកុំឱ្យបាត់វា «សន្តិភាព» ដូចគ្នាទៅទីកន្លែងណាក៏ឃើញតែបដា ប៉ុន្តែកុំឱ្យបាត់ពាក្យនេះ បើបាត់យើងនឹងមានបញ្ហា”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «អ្វីជាតម្លៃដែលមានធំបំផុតស្ថេរភាពដែលយើងមានអាចឱ្យជួបជុំគ្នាទៅលេងស្រុកខ្មែរបានដោយគ្មានការព្រួយបារម្ភនោះទេ»៕