2023-12-14 10:12
454

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងជាអនុប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានទទួលជួបពិភាក្សាការងារជាមួយ លោក ជុង អ៉ីយ៉ុង (Chung Eui-yong) ប្រធាន ICAPP និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជាជាមួយ ICAPP ឱ្យកាន់តែសកម្មនិងស៊ីជម្រៅបន្ថែម ដើម្បីចូលរួមលើកកម្ពស់សន្តិភាព ស្ថិរភាព ក៏ដូចជាការពង្រីកសកម្មភាពមនុស្សធម៌ ជូនពលរដ្ឋនៅកម្ពុជានិងនៅក្នុងតំបន់។
   សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅដល់ លោក ជុង អ៉ីយ៉ុង និងគណៈប្រតិភូ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះ ICAPP ដែលតែងតែគាំទ្រដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយបានបញ្ជូនគណៈប្រតិភូមកចូលរួមសង្កេតការណ៍បោះឆ្នោត ទាំងបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោតឃុំសង្កាត់ នៅកម្ពុជាតាំងពីឆ្នាំ២០១៣មក។ ជាពិសេស បានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ ថ្មីៗនេះ។
   សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមាននិងសេចក្តីថ្លែងការណ៍របស់អង្គការ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកក្នុងការការពារធម្មានុរូប និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា។
    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មក្នុងការលើកកម្ពស់សន្តិភាព និងមនុស្សធម៌របស់ ICAPP នាពេលកន្លង ដោយសម្រេចបានបាននូវសមិទ្ធផលជាច្រើន រាប់មិនអស់ដូចជាការសម្រេចបាននូវភាពជាដៃគូជាមួយអង្គការ UNESCO ភាពជាដៃគូជាមួយគណបក្សនយោបាយនៅអាហ្វ្រិក (CAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល (CAPDI) និងអង្គការជាដៃគូរជាច្រើនផ្សេងទៀត។ សម្តេចប្រធានរដ្ឋសភាបានស្នើដល់ ICAPP ធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយវេទិកាអន្តរសភាផ្សេងៗទៀត ដែលមានដូចជា AIPA, APPF, APF ដោយយកពលរដ្ឋជាស្នូល ពីព្រោះថានៅក្នុងកាលៈទេសៈ ដែលសកលលោកទើបងើបពីវិបត្តិកូវីដ១៩ ហើយស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការប្រទាញប្រទុងភូមិសាស្រ្តនយោបាយ រួមផ្សំនឹងការប្រែប្រួសអាកាសធាតុ ការរាតត្បាតជំងឺនានាផងនោះ ការពង្រឹងភាពជាដៃ កិច្ចសហប្រតិបត្តិការគ្នា ឱ្យកាន់តែច្រើននិងស្និទ្ធស្នាល នឹងចូលរួមចំណែកដល់ការកសាងសេចក្តីសុខ សុវត្ថិភាព ស្ថិរភាពសង្គម ដល់ប្រជាពលរដ្ឋ។
   លោក ជុង អ៉ីយ៉ុង ចូលរួមអបអរសាទរសារជាថ្មី ជូនសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភានិងជាស្រ្តីទី១ នៅកម្ពុជា ដែលទទួលបានតំណែងដ៏សំខាន់នេះ។ ជាពិសេសលោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងភាពជោគជ័យនៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់កម្ពុជា ដែលមានភាពសេរី និងយុត្តិធម៌ និងការផ្ទេរអំណាចតាមការបោះឆ្នោតប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកបដោយសន្តិភាពបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយនៅកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន។
   លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ដែលបានចូលរួមចំណែកដល់ ICAPP តំាងពីពេលបង្កើតឡើងនៅឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ លោកប្រធានគណៈប្រតិភូ ក៏បានជូនពរឱ្យការទទួលធ្វើម្ចាស់ផ្ទះ រៀបចំមហាសន្និបាត ICAPP លើកទី១២ កិច្ចប្រជុំ ACC លើកទី៣ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខរបស់កម្ពុជា ទទួលបានជោគជ័យធំធេងម្តងទៀត បន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី៦ កាលពីខែធ្នូ ឆ្នាំ២០១០ ប្រកបដោយសមិទ្ធផលជាច្រើនហើយនោះ៕