ម៉ែលប៊ន៖ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia បានអនុញ្ញាតឱ្យជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ក្រុមហ៊ុនបង្ហាញអំពីបំណងចង់វិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសនៃជំនួប លោក Tanachat Pochana ប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពីសកម្មភាពអាជីវកម្មរបស់ ក្រុមហ៊ុន ដែលផ្ដោតលើការដាំដុះដំណាំស្ពៅ (Sorghum) ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។
ជាងនេះទៅទៀត លោក Tanachat Pochana ប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចធិបតីបន្ថែមទៀតថា «ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ»។ លោកប្រធានក្រុមហ៊ុន បន្ថែមទៀតថា «ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញពីបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាស វិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស»។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងបានបញ្ជាក់ផងដែរថា «ដូចនីតិកាលមុនៗដែរ គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ គឺបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ដើម្បីជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជា»។
ទន្ទឹមនឹងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ចាក់ផងដែរថា «រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ដូច្នេះការប្រេីប្រាស់បច្ចេកវិទ្យាទំនើប និងថ្មីដើម្បីផលិតថាមពលអគ្គិសនី គឺជាផ្នែកមួយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល ដោយផ្ដោតទៅលើថាមពលស្អាត។ រាជរដ្ឋាភិបាលក៏បានសម្រេចបញ្ឈប់ការផ្តល់ការអនុញ្ញាតឱ្យបង្កើតនូវរោងចក្រដំណើរការដោយថាមពលធ្យូងថ្មថ្មីបន្ថែបទៀត ផងដែរ។ ដូច្នេះការអភិវឌ្ឍវិស័យថាមពលតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីបង្កើតថាមពលស្អាតនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ បរិវត្តកម្មថាមពលនៅកម្ពុជា»។
បន្ថែមពីនេះ ឆ្លើយតបទៅនឹងបំណង វិនិយោគរបស់ក្រុមហ៊ុន សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម៕