2024-11-19 10:11
14

សៀមរាប៖ នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI និងជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី ព្រមទាំងជាប្រធានគណបក្ស PKB របស់ប្រទេសឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(IDC-CDI Executive Committee) នៅខេត្តសៀមរាប។

ចាប់ផ្តើមកិច្ចពិភាក្សានោះ លោករដ្ឋមន្ត្រី បានអបអរសាទរសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ី និងកម្ពុជា មានទំនាក់ទំនងដ៏យូរអង្វែង និងមានកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ព្រមទាំងគូសបញ្ជាក់អំពីសក្ដានុពលជាច្រេីន ដែលប្រទេសទាំងពីរអាចបំពេញឱ្យគ្នាទៅវិញទៅមក។

លោករដ្ឋមន្ត្រី ក៏បានកត់សម្គាល់អំពីសុខដុមរមនាសាសនានៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានរៀបចំយ៉ាងប្រសើរនូវកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ និងចាត់ទុកថា សម្ព័ន្ធភាពនៃអរិយធម៌ គឺជាយន្តការដ៏សំខាន់មួយសម្រាប់ការបង្កើនឥទ្ធិពលនៅក្នុងតំបន់ និងពិភពលោក។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោករដ្ឋមន្ត្រី ដែលបានទទួលការតែងតាំងធ្វើជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី។ សម្ដេចបវរធិបតីបានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី នៅក្នុងវិស័យជាច្រើន រួមមាន៖ វិស័យកសិកម្ម, វិស័យពាណិជ្ជកម្ម, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន, និងវិស័យសន្តិសុខនិងការពាជាតិ ព្រមទាំងលើកទឹកចិត្តក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរបន្តធ្វើការជាមួយគ្នា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ព្រោះប្រទេសទាំងពីរនៅមានសក្តានុពលច្រើន។

សម្តេចបវរធិបតីបានបញ្ជាក់ថា កម្ពុជាមានកិត្តិយស ដែលបានធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ ដែលផ្តល់ឱកាសសម្រាប់ការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍រួម។ សម្ដេចបវរធិបតីក៏បានថ្លែងបន្ថែមថា នៅក្នុងសប្ដាហ៍នេះ ក្រៅពីកិច្ចប្រជុំរបស់អង្គការ IDC-CDI ប្រទេសកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចំនួនពីរផ្សេងទៀតគឺ ៖ (១) មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ និង (២) សម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ផងដែរ៕