2024-10-27 10:10
48

កំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅរដូវភ្លៀងធ្លាក់ឆ្នាំនេះ ប្រទេសកម្ពុជារងគ្រោះដោយសារទឹកជំនន់តិចតួច ខណៈប្រទេសចំនួន៥នៅតំបន់អាស៊ានបាននិងកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់នេះ ក្នុងនោះមានហ្វីលីពីន វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា។

សម្តេចមហាបវរធិបតីថ្លែងយ៉ាងនេះក្នុងពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថាន សាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា។ 

ពិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះថា «នៅរដូវភ្លៀងធ្លាក់ឆ្នាំនេះ ប្រទេសកម្ពុជារងគ្រោះដោយសារទឹកជំនន់តិចតួច ខណៈប្រទេសចំនួន៥នៅតំបន់អាស៊ានបាននិងកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ឆ្នាំនេះ ក្នុងនោះមានហ្វីលីពីន វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា តួយ៉ាងដូចនៅប្រទេសថៃ បន្ទាប់ពីទឹកជំនន់ហើយ ភក់គ្របពីលើផ្ទះប្រជាជន ហើយរដ្ឋត្រូវចំណាយរាប់រាយលានដុល្លារ ដើម្បីដោះស្រាយបញ្ហាទាំងនោះ»។

សម្ដេចបវរធិបតីបានបន្តថា នៅប្រទេសកម្ពុជា ទឹកជំនន់កើតឡើងដែរនៅកន្លែងខ្លះ តែមិនធ្ងន់ធ្ងរដូចឆ្នាំកន្លងទៅ ដែលនេះជាសំណាងល្អសម្រាប់ប្រទេសយើង តែទោះជាយ៉ាងណាគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវតែត្រៀមលក្ខណៈ ពិសេសគឺគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលរាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាធំ សត្វពាហនៈ ទ្រព្យសម្បត្តិ និងត្រៀមការស្ដារឡើងវិញ។

សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមទៀតថា យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលក៏ត្រូវការការចូលរួមពីប្រជាពលរដ្ឋ៖
ទី១-គឺចូលរួមថែរក្សាលំនឹងស្ថិរភាព សុខសន្តិភាព ទប់ស្កាត់ការគំរាមកំហែងពីខាងក្រៅដែលអាចប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស។

ទី២-គឺការចូលរួមថែរក្សាស្ថិរភាពសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង ផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន។

ទី៣-គឺការចូលរួមកសាងជីវភាពរស់នៅ ដែលជាផ្នែកមួយនៃការកសាងសេដ្ឋកិច្ចជាតិ ដូច្នេះទន្ទឹមនឹងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល តែប្រជាពលរដ្ឋក៏ត្រូវចាប់យកឱកាស និងចូលរួមអនុវត្តជាមួយរាជរដ្ឋាភិបាលផងដែរ ដើម្បីរួមគ្នាកសាងប្រទេសជាតិតទៅមុខទៀត៕