2023-08-29 09:08
644

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា «យុទ្ធសាស្ត្របញ្ចកោណ គឺជាការសម្រួចនូវយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល នាពេលកន្លងមកឱ្យកាន់តែមុតស្រួច តាមរយៈយុទ្ធសាស្ត្រចាស់នេះបាននាំឱ្យមានការអភិវឌ្ឍក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច»

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និយោជិក នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រមាណជាង ១៨ ០០០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។

ឯកឧត្តមនាយករដ្ឋមន្ត្រីថ្មី បានបញ្ជាក់ថា «តាមរយៈគោលនយោបាយត្រីកោណ រយៈពេល ៥ឆ្នាំ និងគោលនយោបាយចតុកោណ ទាំង៤ដំណាក់កាលរយៈពេល ២០ឆ្នាំ ទទូលបានលទ្ធល្អប្រសើរ មានការអភិវឌ្ឍន៍រីកចំរើនប្រកបដោយនិរន្តរភាព ទើបរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃរដ្ឋសភា តាមរយៈគោលនយោបាយចាស់នេះ យើងយកមកសម្រួចបន្ថែម ត្រង់ចំណុចចាំបាច់ដើម្បីយកមកអនុវត្តបន្ត»

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្ថែមថា «ការសេសេរគោលនយោបាយ និងការអនុវត្តគោលនយោបាយមិនមែនធ្វើសម្រាប់តែមួយថ្ងៃ មួយខែ មួយឆ្នាំនោះទេ គឺមានគោលដៅច្បាស់លាស់ វែងឆ្ងាយ និងយូអង្វែង»