(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់ឌុល ម៉ាទីន សព្វព្រះរាជហឫទ័យយាងសោយព្រះក្រយាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមជាមួយកូនប្រុសទាំង៣រូប រួមមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។
ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារ វឌ្ឍនៈ ក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត ។
ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ និងព្រះរាជបុត្រ បានយាងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងជាង៧យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីព្រះអង្គបញ្ចប់ព្រះរាជដំណើរទស្សនកិច្ចនៅប្រទេសថៃ។ ព្រះរាជដំណើរពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ព្រះចៅស៊ុលតង់ បានសព្វព្រះរាជហឫទ័យយាងបើកយន្តហោះដ៏ធំដោយផ្ទាល់ព្រះអង្គថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីររូប គឺឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញទៅទទួលព្រះរាជដំណើររបស់ព្រះអង្គដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ បន្ទាប់មកព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ បានយាងតាមរថយន្តម៉ាកសឺដេសខ្មៅរលើបរលោងដ៏ទំនើប ដែលជាការរៀបចំថ្វាយប្រកបដោយព្រះកិត្តិយសខ្ពស់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញក្នុងរថយន្តនោះ ជាមួយព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ថ្វាយព្រះរាជដំណើរព្រះអង្គពី ព្រលានយន្តហោះទៅកាន់សណ្ឋាគាររូសវូតតែម្តង។
ព្រះរាជដំណើររបស់ព្រះមហាក្សត្រប្រុយណេ មកកាន់ប្រទេសកម្ពុជានាពេលនេះ មិនមែនជាព្រះរាជដំណើរទស្សនកិច្ចផ្លូវការនោះឡើយ។ ព្រះរាជដំណើររបស់ព្រះមកកម្ពុជា នាពេលនេះ ដើម្បីសាកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ដែលព្រះអង្គបានរាប់អានជាប្អូនធម៌ជាយូរមកហើយ។
បើតាមការបញ្ជាក់ថារបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គមបានឱ្យដឹងថា ព្រះមហាក្សត្រប្រុយណេ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងសម្តេចតេជោ មានការរាប់អានគ្នាយ៉ាងជ្រាលជ្រៅបំផុតក្នុងពេលដឹកនាំប្រទេស។ ក្នុងនោះព្រះចៅស៊ុលតង់ មានព្រះជន្ម៧៥ព្រះវស្សា ត្រូវបានចាត់ទុកជាបង លោក ថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ ជាប្អូនទី១ ហើយសម្តេចតេជោ ហ៊ុន សែន មានអាយុ ៧២ឆ្នាំ ជាប្អូនពៅ។
ចំណងមិត្តភាពរបស់មេដឹកនាំដែលមានប្រជាប្រិយភាពនៅអាស៊ីអាគ្នេយ៍ទាំង៣ព្រះអង្គ/រូប បានរក្សាយ៉ាងខ្ជាប់ខ្ជួនតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក។ មិនត្រឹមតែទំនាក់ទំនងលក្ខណៈបុគ្គល និងបុគ្គលនោះទេ តាមរយៈចំណងមេត្រីភាពដ៏រឹងមាំនេះ បងប្អូនធម៌ទាំង៣អង្គ/រូប តែងមូលព្រះទ័យ និងចិត្តគំនិតលើការដឹកនាំរដ្ឋ ដើម្បីនាំមកឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំង៣នេះផងដែរ។
គុណធម៌នៃមិត្តភាពនេះ គេបានកត់សម្គាល់ឃើញថា នៅពេលលោក ថាក់ស៊ីន ត្រូវបានគេយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចយ៉ាងណាក្តី ក៏ព្រះមហាក្សត្រប្រុយណេ និងសម្តេចតេជោ ហ៊ុន សែន នៅតែបន្តរាប់អាន និងជួយជាគំនិតយោបល់នានា ជូនលោក ថាក់ស៊ីន ផងដែរ។
ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រុយណេ បានយកព្រះទ័យគោរព និងផ្តល់តម្លៃដល់ចំណងមិត្តភាពនេះខ្លាំងណាស់។ កាលពីឆ្នាំ២០១១ នៅពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមព្រះរាជកម្មវិធីរបស់ព្រះអង្គនៅប្រទេសប្រុយណេ ព្រះចៅស៊ុល បានយាងបើករថយន្តមកទទួលសម្តេចតេជោដោយផ្ទាល់ពីព្រលានយន្តហោះផងដែរ។