2024-02-22 06:02
395

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ «ការដាក់ចេញនូវគោលនយោបាយ និងបង្កើតគណៈកម្មការជាតិវិធានគន្លឹះអប់រំ ការពង្រឹងមូលដ្ឋានជាគោលការណ៍ ដោយអាណត្តិទី៧នេះ គឺជាអាណត្តិពង្រឹង មិនមែនជាអាណត្តិពង្រឹកនោះទេ ហើយត្រូវការពង្រឹកត្រូវមានទឡ្ហីករណ៍ច្បាស់លាស់រួមទាំងការជ្រើសរើសមន្ត្រីថ្មីផងដែរ»។
    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះ នាឱកាសបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤” នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្របកោះពេជ្រ។
   សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «បើចង់បានមន្ត្រីថ្មីយកទៅបម្រើការងារក្នុងក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិត្រូវមានទឡ្ហីករណ៍ហើយបញ្ជាក់ឱ្យបានច្បាស់ថាកន្លែងណាខ្វះពិតប្រាកដអញ្ចឹងការកំណែទម្រង់ទី២នេះ កំពុងពិចារណារៀបចំរចនាសម្ព័ន្ធ ពិនិត្យមើលតម្រូវការមន្ត្រីហើយបើជ្រើសរើសបានត្រូវយកទៅនៅកន្លែងនោះ និងត្រូវថែរក្សាមន្ត្រីនៅមូលដ្ឋានរៀបចំគោលនយោបាយធ្វើយ៉ាងណាកុំឱ្យដាក់ទៅចេះតែបាត់អស់»។ 
  សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «មន្ត្រីនៅមូលដ្ឋានមណ្ឌលសុខភាពខ្វះមន្ត្រី សាលាបឋមសិក្សាតាមខេត្តខ្វះគ្រូ អញ្ចឹងត្រូវមានវិធីសាស្ត្របញ្ជូនមនុស្សទៅឱ្យមានការថែរក្សានៅទីនោះដែលជាការងារចាំបាច់»៕