ភ្នំពេញ៖ ក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន, ពង្រឹងការងារ អប់រំបង្ការ (People first; stop stigma and discrimination, strengthen prevention)
សាខិតរបស់សម្តេចតេជោ ហ៊ុន សែន ជួនចំពោះជនរួមជាតិថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញា និងពិធីសារ របស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងគ្រឿងញៀន ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនា រីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបន្តដាស់តឿនក្រើនរំលឹកដល់ជនគ្រប់រូបឱ្យយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាដើម្បីបង្ហាញឱ្យឃើញពីឆន្ទៈដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមការប្តេជ្ញាចិត្តនិងកម្មវិធីនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន, ពង្រឹងការងារ អប់រំបង្ការ (People first; stop stigma and discrimination, strengthen prevention)” ក្នុងគោលបំណងផ្ដោតការ យកចិត្តទុកដាក់ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្តល់អាទិភាពដល់ប្រជាជនឬការចាត់ទុកប្រជាជនជាមូលដ្ឋានក្នុង ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជាមួយនេះ ក៏ទាមទារឱ្យមានការគិតគូរអំពីផលប៉ះពាល់ជាអវិជ្ជមាននៃការរើសអើង និងការមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ព្រមទាំងពង្រឹងសកម្មភាពអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំ ទូលាយថែមទៀត។ ម្យ៉ាងវិញទៀត ប្រធានបទសម្រាប់ឆ្នាំនេះ ក៏មានបំណងលើកទឹកចិត្តឱ្យផ្ដល់អំណាច និង ការទទួលខុសត្រូវដល់អាជ្ញាធរមូលដ្ឋាននិងយុវជន ដើម្បីម្ចាស់ការដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុង សហគមន៍មូលដ្ឋានរបស់ខ្លួន៕