2024-01-16 06:01
365

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងណែនាំកិច្ចការងារមួយចំនួនជុំវិញការពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
    ឯកឧត្តមស្នងការ ក៏បានណែនាំដល់មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌដង្កោ ត្រូវបំពេញការងារឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងបទបញ្ជាថ្នាក់លើ។ កុំអនុវត្តតួនាទីភារកិច្ចលើសបទបញ្ជា និងគោលការណ៍ច្បាប់ បើមិនដូច្នេះទេ វាបង្កប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរនគរបាលជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំឲ្យមន្រ្តីនគរបាលយុត្តិធម៌ត្រូវពង្រឹងការយល់ដឹងច្បាប់ឲ្យបានច្បាស់លាស់ ដើម្បីការកសាងនីតិវិធីបានរឹងមាំល្អ ក៏បានណែនាំឲ្យមាន   ការបែងចែកវេនល្បាតប្រចាំការអនុវត្តជាប្រចាំនឹងមានការទទួលខុសត្រូវ ពង្រឹងការទទួលទូរស័ព្ទហតឡាញ អធិការដ្ឋាននគរបាលខណ្ឌ និងតាមបណ្តាប៉ុស្តិ៍រដ្ឋបាល នៅពេលមានប្រជាពលរដ្ឋប្តឹងរាយការណ៍ជួយអន្តរាគមន៍ត្រូវចេញដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។
    ឯកឧត្តមស្នងការ ក៏បានណែនាំអំពីគោលការណ៍ចំនួន០៥ចំណុច ដើម្បីជួយដោះស្រាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យមានប្រសិទ្ធភាពខ្ពស់ ដូចជា៖
១. ត្រូវរៀបចំផែនការសកម្មភាព នៅគោលដៅភូមិសាស្រ្តដែលប្រឈមកើតឡើងបទល្មើស។
២. ចាត់តាំងកម្លាំងអនុវត្តការងារ។
៣. ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការនោះជាប្រចាំ។
៤. ត្រូវមានឆន្ទៈធ្វើការងារ។
៥. ត្រូវស្មោះត្រង់វិជ្ជាជីវៈ។
ពិធីសំណេះសំណាលដែរ មានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌដង្កោ លោក-លោកស្រីអធិការរង លោកនាយ ផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕