2024-11-18 09:11
45

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងលោក សាន សាង ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនេះបានធ្វើឡើងនៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៤។ 

សូមបញ្ជាក់ថាលោក សាន សាង ជាកូនខ្មែរមានឈាមជ័រខ្មែរកម្ពុជាក្រោម កើតនៅខេត្តព្រះត្រពាំង លោកបានប្រឡូកក្នុងឆាក នយោបាយជាមួយបក្សប្រឆាំងកាលពីដើមទសវត្សរ៍៩០ លុះឆ្នាំ២០២៤ លោក សាន សាង បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក សាន សាង ជាស្ថាបនិកបង្កើតទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅឆ្នាំ២០០២។ ក្រោយពេល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោកក៏បានជួយរៀបចំដង្ហែអង្គកឋិនទានទៅវត្តស្វាយសៀមថ្មី នៅទឹកដីខ្មែរកម្ពុជាក្រោម ដែលជាការផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន។ ភ្ជាប់ការប្រាស្រ័យទាក់ទងតាមរយៈលោក សាន សាង, សម្តេចតេជោ ក៏បានសម្រេចជួយឧបត្ថម្ភដល់ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅឆ្នាំ២០២៤ នេះ ហើយក៏ជួយធ្វើទូកងខ្នាតវែងមួយគ្រឿង នៅឆ្នាំ២០២៥។

ការត្រាស់បង្គាប់តែងតាំងលោក សាន សាង ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បង្ហាញ ច្បាស់ពីការ ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនកូនខ្មែរកើតលើទឹកដីខ្មែរកម្ពុជាក្រោម ពីសំណាក់ព្រះមហាក្សត្រខ្មែរ និងសម្តេចតេជោហ៊ុនសែន។ 

តាមរយៈការផ្តល់តួនាទីជាទីប្រឹក្សាជូនលោក សាន សាង ជាទីប្រឹក្សា ជាឱកាសសម្តេចតេជោបានប្រាស្រ័យទាក់ទងផ្សាភ្ជាប់សុខទុក្ខ និងជួយដោះស្រាយបញ្ហានានារបស់បងប្អូនខ្មែរកម្ពុជាក្រោមផងដែរ។

លោក សាន សាង ក៏បានគោរពថ្លែងអំណរព្រះគុណព្រះមហាក្សត្រយ៉ាងជ្រាលជ្រៅបំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងរូបលោកជាទីប្រឹក្សាសម្តេចតេជោ ហើយលោក សាន សាង ក៏បានថ្លែងអំណរសម្តេចតេជោហ៊ុនសែន ដែលបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រតែងតាំងរូបលោកជាទីប្រឹក្សាសម្តេចផងដែរ។

ក្នុងតួនាទីជាទីប្រឹក្សារបស់សម្តេចតេជោដែលជាឱកាសដ៏កម្រនេះ លោក សាន សាង ក៏បានប្រកាសប្រឹងប្រែងឱ្យអស់លទ្ធភាពបំពេញការងារទាំងឡាយដែលសម្តេចតេជោដាក់ជូនជាពិសេសនឹងប្រឹងប្រែងធ្វើកិច្ចការមួយចំនួនដើម្បីជាឧត្តមប្រយោជន៍សម្រាប់បងប្អូនខ្មែរកម្ពុជាក្រោមផងដែរ៕