បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានថ្លែងថា «ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឱ្យខ្លួនឯង»។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពេលសម្តេចអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកសំឡូត ខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវផងដែរ។
ក្នុងនាមគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស ព្រមទាំងប្រជាពលរដ្ឋដែលមានភក្ដីភាពជឿជាក់គាំទ្រឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតឆ្នាំ២០២២ និងកន្លងៗមក ព្រមទាំងបានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង និយាយជារួម និងនិយាយដោយឡែកក្នុងស្រុកសំឡូត និងស្រុករតនៈមណ្ឌល ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ។
សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវសមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា «ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឱ្យខ្លួនឯង។ គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព និងធានាការពារសុខសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ»។
សម្ដេចក្រឡាហោម បានបន្ថែមថា «នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា មានតែរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាទេ ដែលការពារបានសុខសន្តិភាព បូរណភាពទឹកដី និងអភិវឌ្ឍន៍ជាតិរីកចម្រើនយ៉ាងច្រើនអនេកបើធៀបនឹងរបបដឹកនាំកន្លងមក»៕