រាជធានីភ្នំពេញ៖ ក្នុងជំនួបទល់មុខគ្នាជាត្រីភាគី សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានពន្យល់ដោយផ្ទាល់បន្ថែមទៅកាន់លោក ផាម មិញជីញ នាយករដ្ឋមន្រ្តីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ អំពីមូលហេតុដែលកម្ពុជាសម្រេចចិត្តដកថយចេញពីគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-វៀតណាម-ឡាវ ដែលហៅកាត់ថា ស៊ីអិលវី-ឌីធីអេ (CLV-DTA)។ ក្រោយស្តាប់ហើយ នាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ បានបង្ហាញការយល់ស្របចំពោះហេតុផលដែលនាយករដ្ឋមន្ត្រីកម្ពុជាលើកឡើង។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកកាសែតពីការពិភាក្សាគ្នារបស់មេដឹកនាំប្រទេសជិតខាងទាំង៣ ពេលលោក និងថ្នាក់ដឹកនាំកម្ពុជាចុះពីយន្តហោះ នៅព្រលានយន្តហោះភ្នំពេញ កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ គឺក្រោយវិលមកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។ ក្នុងសន្និសីទកាសែតនេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បញ្ជាក់យ៉ាងដូច្នេះថា៖«ទាំងភាគីវៀតណាម ទាំងភាគីឡាវ សុទ្ធតែយល់ពីមូលហេតុដែលបានជំរុញឱ្យកម្ពុជាដកខ្លួនចេញពីស៊ីអិលវី»។
ជាលើកទី១ ដែលមេដឹកនាំប្រទេសទាំង៣ បានជួបគ្នា ចាប់តាំងពីមេដឹកនាំកម្ពុជា ប្រកាសដកខ្លួនចេញពីគម្រោងស៊ីអិលវី កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
មេដឹកនាំទាំង៣ ឆ្លៀតជួបគ្នាដាច់ដោយឡែក នៅលើទឹកដីឡាវ គឺនៅពេលដែលមេដឹកនាំកម្ពុជា និងមេដឹកនាំវៀតណាម ទៅចូលរួមប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ដែលឡាវធ្វើជាម្ចាស់ផ្ទះ។
ហេតុផលអំពីការដកខ្លួនចេញពីគម្រោងស៊ីអិលវី ដែលនាយករដ្ឋមន្រ្តីកម្ពុជា ប្រាប់ទៅនាយករដ្ឋមន្រ្តីប្រទេសជិតខាងទាំង២ មិនខុសពីហេតុផលដែលនាយរដ្ឋមន្រ្តីកម្ពុជា ប្រាប់ដល់ប្រជាជនខ្លួនឡើយ ម្ល៉ោះហើយ លោក តាន់ ហ្សង់ហ្វ្រង់ស័រ មិនចង់រ៉ាយរ៉ាប់ឡើងវិញទៅកាន់អ្នកកាសែតនោះទេ។
ពុំមែនតែសម្តេចនាយករដ្ឋមន្រ្តីនោះទេ គឺសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាផងដែរ ដែលប្រកាសប្រាប់ប្រជាជនអំពីការដកកម្ពុជាចេញពីគម្រោងស៊ីអិលវី។
កាលនោះ ក្រសួងការបរទេសកម្ពុជា ក៏បានធ្វើលិខិតផ្លូវការជូនដំណឹងទៅភាគីវៀតណាម និងភាគីឡាវដែរ។ លោក តាន់ ហ្សង់ហ្វ្រង់ស័រ ថ្លែងក្នុងសន្និសីទកាសែតថា រឿងស៊ីអិលវី បានចប់សព្វគ្រប់ហើយ ចាប់តាំងពីសម្តេចទាំង២ បង្ហោះសារប្រាប់ប្រជាជន និងចាប់តាំងពីក្រសួងការបរទេសកម្ពុជា ជូនដំណឹងទៅខាងវៀតណាម-ឡាវមកម្ល៉េះ។ ជាមួយគ្នានេះ លោក ចាត់ទុកថាជារឿងធម្មតា ដែលមេដឹកនាំកម្ពុជា ត្រូវពន្យល់បន្ថែមទៅមេដឹកនាំវៀតណាម-ឡាវ ពេលជួបគ្នាផ្ទាល់មុខបែបនេះ។
ហេតុផលចម្បងរបស់សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត ក្នុងការដកកម្ពុជាចេញគម្រោងស៊ីអិលវី គឺដើម្បីដកអាវុធនយោបាយចេញពីដៃក្រុមអ្នកជំទាស់ ព្រោះ
សម្តេចទាំង២ យល់ថា ក្រុមអ្នកជំទាស់នៅក្រៅប្រទេស បានយកគម្រោងស៊ីអិលវីនេះ ធ្វើជាអាវុធ ក្នុងការវាយប្រហាររាជរដ្ឋាភិបាល។ ក្រុមអ្នកជំទាស់នៅក្រៅប្រទេស យល់ថាគម្រោងស៊ីអិលវី អាចធ្វើឱ្យកម្ពុជាបាត់ខេត្តតាមព្រំដែនទៅប្រទេសជិតខាងក្នុងពេលអនាគត ដូច្នេះហើយ ទើបពួកគេ នាំគ្នាតវ៉ាមិនព្រមឈប់ រហូតទាល់តែរាជរដ្ឋាភិបាលសម្រេចដកខ្លួនពីគម្រោងនេះ។ តាំងពីមុនសម្រេចដកកម្ពុជាចេញពីគម្រោងស៊ីអិលវីមកម្ល៉េះ រាជរដ្ឋាភិបាល បានពន្យល់ជាច្រើនដងថា គម្រោងនេះ មិនធ្វើឱ្យខេត្តកម្ពុជាតាមព្រំដែន បាត់ទៅប្រទេសជាតិខាងនោះទេ តែអ្នកជំទាស់មិនព្រមទទួលយកឡើយ៕