2023-12-05 03:12
557

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ» គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនងាយរងគ្រោះ ដោយក្នុងនេះមាន កម្មវិធីជាតិជំនួយសង្គម ចំនួន ០៤ រួមមាន៖ ទី១- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, ទី២- កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និង មធ្យមសិក្សាចំណេះទូទៅ, ទី៣- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និង ទី៤- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា បន្ថែមលើនេះ «កញ្ចប់គ្រួសារ ក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហានិភ័យ និងភាពងាយរងគ្រោះនានា»។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ កម្មវិធីជំនួយសង្គមនេះ នឹងចាប់អនុវត្តពីខែមេសា ឆ្នាំ២០២៤ តទៅ បន្ទាប់ពី «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ត្រូវបិទបញ្ចប់ ។

សូមរំលឹកផងដែរថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ និង វិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកា ប្រមាណ ១.៣៥៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១, ៦០១លានដុល្លារ ក្នុងឆ្នាំ២០២២ និង គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ប្រមាណជាង ១.២០០លានដុល្លារ សម្រាប់ការអនុវត្តវិធានការអន្តរាគមន៍ក្នុងការដោះស្រាយផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ជាពិសេសលើកម្មវិធីប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩,  កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ, ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ,   កម្មវិធីសាច់ប្រាក់ពលកម្ម, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ និង ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីទាំងមូលផងដែរថា៖ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដើម្បីត្រៀមរួចជាស្រេចក្នុងការធ្វើអន្តរាគមន៍គាំពារសង្គម បន្ថែមលើផែនការគ្រប់គ្រងគ្រោះមហន្តរាយដែលមានស្រាប់ ។ ការណ៍នេះ នឹងផ្តល់កិច្ចគាំទ្រដល់គ្រួសារទាំងនោះនូវមធ្យោបាយ និងលទ្ធភាព ដើម្បីដោះស្រាយបញ្ហាជីវភាព និង ការស្ដារជីវភាពឡើងវិញប្រកបដោយប្រសិទ្ធភាព ទាំងក្នុងអំឡុងពេល និងក្រោយពេលគ្រោះអាសន្ន ។

សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវកី្តសង្ឃឹមយ៉ាងមុតមាំថា គោលការណ៍ណែនាំទាំងពីរនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសការអនុវត្តកម្មវិធី ក៏ដូចជារួមចំណែកដល់ការពង្រឹង និង ពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គម ជាពិសេសត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ចេញអន្តរាគមន៍គាំពារសង្គម ដើម្បីជួយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្នុងគ្រាមានគ្រោះអាសន្ន។

សូមជម្រាបថា នាថ្ងៃទី០៥  ខែធ្នូ  ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន»  ដែលជាឯកសារដ៏សំខាន់ចំនួនពីរ ក្រោមកម្មវិធីគោលនយោបាយ អាទិភាពទី៣ គឺ «ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន» ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នា ខិតខំរៀបចំឯកសារគោលការណ៍ណែនាំទាំងពីរ ព្រមទាំងបានរៀបចំរួចជាស្រេចនូវ «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ដែលត្រៀមចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ៕