2024-02-06 11:02
388

ភ្នំពេញ៖ ជាការឆ្លើយតមទៅនឹងសំណួររបស់អ្នករិះគន់មកលើរាជរដ្ឋាភិបាលដោយនិយាយថា «រដ្ឋគិតតែពីយកលុយទៅជួយប្រជាជន, បង្កើតវប្បធម៌ពឹងផ្អែក មិនគិតបង្កើតកម្មវិធីឱ្យពលរដ្ឋអាចរស់ដោយខ្លួនឯង» សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រាជរដ្ឋាភិបាលត្រូវគិតគូរពីកម្រិតគោលនយោបាយ ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ ដោយមិនបង្កើតនូវការពឹងផ្អែកនោះឡើយ»។

នេះជាប្រសាសន៍របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា «ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាពនីមួយៗ គឺត្រូវបង្កើតវប្បធម៌ និងលក្ខណៈសម្បត្តិឱ្យប្រជាជនអាចមានសមត្ថភាពរស់ដោយខ្លួនឯងបាន មិនអាចទុកឱ្យរដ្ឋចិញ្ចឹមគាត់រហូតនោះទេ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺសេដ្ឋកិច្ចទីផ្សារសេរី ដោយយើងត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចរកត្រីខ្លួនឯងបាន ប៉ុន្តែយើងក៏ត្រូវទទួលស្គាល់ដែរថា នៅក្នុងប្រទេសកម្ពុជា នៅតែមានអ្នកដែលមិនអាចរកត្រីបានផងដែរ ដោយសារកត្តាសុខភាព បញ្ហាកាយសម្បទា ចាស់ជរា ជនពិការ កុមារកំព្រាជាដើម ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល»៕