2023-11-06 03:11
507

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្ដីការ ក្រសួងមហាផ្ទៃរាជធានីភ្នំពេញ ព្រឹកថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «លុយតិចដាក់ចំគោលដៅបានផលច្រើន ប៉ុន្តែបើថវិកាច្រើនប្រើអត់ចំគោលដៅ គឺអត់ប្រសិទ្ធភាព»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការគ្រប៉គ្រងហិរញ្ញវត្ថុ ត្រូវពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងនោះឲ្យបានត្រឹមត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមទៀតថា «លើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ក្នុងការអនុវត្តមុខងារ ការប្រើប្រាស់ធនធានហិរញ្ញវត្ថុដែលបានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិឲ្យមានប្រសិទ្ធភាព តម្លាភាព គណនីភាព ព្រោះការគ្រប់គ្រងធនធានត្រូវតែច្បាស់លាស់ [លុយតិចដាក់ចំគោលដៅ ទទួលបានផលច្រើន] តែបើថវិកាច្រើនប្រើអត់ចំគោលដៅវាគ្មានប្រសិទ្ធភាព»។ 

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ពីមួយឆ្នាំទៅមួយឆ្នាំសមិទ្ធផលវាមិនអាចកើនឡើង វាពិបាកថាក្នុងមួយថ្ងៃអាចកើតចេញជាសមិទ្ធផលណាស់ ពិតណាស់អគារនេះវាកើតឡើងត្រឹមតែ២០ខែប៉ុណ្ណោះ ប៉ុន្តែការខិតខំរបស់មន្ត្រីដែលធ្វើការងារក្នុងក្រសួងមហាផ្ទៃនេះអ្នកខ្លះធ្វើការងារជាង ៤០ឆ្នាំ»៕