2023-09-10 10:09
576

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារតាមទូរសព្ទជាមួយឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស (Miguel Diaz-Canel Bermudez) ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ក្នុងការបន្តពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។
   ជំនួបតាមទូរសព្ទរវាងមេដឹកនាំប្រទេសទាំង កម្ពុជ-គុយបា ធ្វើឡើងនៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រុងតាខ្មៅ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចដែលឆ្លុះបញ្ចាំង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច  និងការជួបពិភាក្សាការងារ ជាញឹកញាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ 
   ជាកិច្ចចាប់ផ្តើម ឯកឧត្តម Miguel Diaz-Canel Bermudez ប្រធានាធិបតីគុយបា បានសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ 
   ឯកឧត្តម Miguel Diaz-Canel Bermudez ក៏បានគូសបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និង អំពីការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។ ទន្ទឹមគ្នានេះ ឯកឧត្តម ប្រធានាធិបតី ក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ នៅសាធារណរដ្ឋគុយបា កាលពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានចាត់ទុកថាជាឆ្នាំដ៏សំខាន់ នៃការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចស្តែងឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យជាច្រើន ដូចជា កសិកម្ម, សុខាភិបាល, អប់រំ និងកីឡា ជាដើម។ 
   ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការផ្តួចផ្តើមឱ្យមានជំនួបតាមទូរសព្ទ ការអបអរសាទរ និងបានជម្រាបជូន ឯកឧត្តម Miguel Diaz-Canel Bermudez ប្រធានាធិបតីគុយបាផងដែរ នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន។ បន្ថែមលើទំនាក់ទំនងប្រវត្តិសាស្ត្រល្អៗ, សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះជំនួយឧបត្ថម្ភ និងការគាំទ្ររបស់គុយបា ក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះនូវការលំបាកបំផុត ជាពិសេសនៅក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់នេះពិតជាបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងប្រកបដោយសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំ រវាងប្រទេស និងប្រជាជនទាំងពីរ។ 
   ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។ ក្នុងន័យនេះ, សម្តេចធិបតី បានគាំទ្រ និងជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ 
   ជាចុងបញ្ចប់ ឯកឧត្តម Miguel Diaz-Canel Bermudez ប្រធានាធិបតីគុយបា បានអញ្ជើញ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា ក្នុងពេលសមស្របណាមួយ។  ជាការឆ្លើយតបនឹងការអញ្ជើញនេះ សម្តេចធិបតី  បានថ្លែងអំណរគុណ និងបានគូសបញ្ជាក់ថា « សាធារណរដ្ឋគុយបា ជាប្រទេសដែលសម្តេចធិបតី មានបំណងចង់អញ្ជើញទៅហើយសម្តេចធិបតី នឹងកំណត់ពេលវេលាសមស្របណាមួយ ក្នុងពេលឆាប់ខាងមុខ»៕