2024-03-12 04:03
411

ភ្នំពេញ៖ ការសងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ជំហានទី១នេះ មានស្ថានីយអ្នកដំណើរដែលមានអាគារកណ្តាល និងអាគារផែយន្តហោះខាងជើង ផ្លូវរត់ទី១ ផ្លូវបរយន្តហោះបានដំណើរសាងសង់សម្រេចបានជាង ៦៦ភាគរយ និងដែលអាចទទួលអ្នកដំណើរបាន ១៣លាននាក់ក្នុងមួយឆ្នាំ និងការកសាងសង់ផ្លូវតភ្ជាប់ពី មហាវិថីសម្តេចតជោកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាស យានដ្ឋានដែលមានទទឹង ៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥ គ.មជិតរួចរាល់ផងដែរ។

នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “សំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១” ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងវិស័យទេសចរណ៍នៅទូទាំងប្រទេស ហើយបន្ថែមពីនេះ ក៏នឹងអាចទាក់ទាញដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា រួមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ។ 

ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃរដ្ឋសភា ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក៏ជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

សូមបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA ឬ ពេញថ្មី គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានសម្រេចការងារសាងសង់ ៦៦.១ភាគរយ ដែលចំណាយទឹកប្រាក់ សរុបអស់ចំនួន ៩៦១ លានដុល្លារអាម៉េរិក។ ក្នុងដំណើរការសាងសង់នោះ ប្រើប្រាស់បុគ្គលិក និង កម្មករប្រមាណជាង ១ម៉ឺន៥ពាន់នាក់ ដោយក្នុងនោះបុគ្គលិកជាជនបរទេស មានចំនួន ៥៣៥នាក់ផងដែរ។

គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ត្រូវបានបែងចែកជា ៣ដំណាក់កាល គឺដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ក្នុងមួយឆ្នាំ, ដំណាក់កាលទី២ អាចទទួលបានអ្នកដំណើរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់ ៥០លាននាក់ក្នុងមួយឆ្នាំ៕