2024-11-06 15:12
58

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២,៣៦៥នាក់នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

សមាជិកគណបក្សដែលសម្តេចតេជោអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីនាព្រឹកថ្ងៃនេះ សុទ្ធសឹងជាសមាជិករបស់គណបក្សនយោបាយដទៃមានដូចជាគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ អតីតគណបក្សសង្គ្រោះជាតិជាដើម ដែលទើបនឹងសម្រេចចិត្តដើរចេញពីបក្សនយោបាយចាស់របស់ពួកគេ ហើយចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងឆ្នាំ២០២៤នេះតែម្តង សមាជិកគណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល នៅតាមមូលដ្ឋានបានសម្រេចចិត្តដើរចេញពីបក្សរបស់ពួកគេប្រៀបដូចទឹកបាក់ទំនប់ ហើយចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពួកគេបានរួមរស់ជាមួយបក្សប្រឆាំងយូរណាស់មកហើយ តែពួកគេបែរត្រូវអស់សង្ឃឹម អស់ជំនឿចិត្តលើករបៀបដឹកនាំបក្សរបស់ថ្នាក់ដឹកនាំ ដែលខ្វះគោលការធិបតេយ្យនៅក្នុងបក្ស ខ្វះតម្លាភាព បក្ខពួកនិយម។ អ្នកខ្លះទៀត ក៏ស្អប់ខ្ពើមចំពោះនយោបាយជ្រុលនិយមលោក សម រង្សុី និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សដទៃទៀត ដែលជាហេតុនាំឱ្យគ្រោះថ្នាក់ដល់សង្គមជាតិ។

បន្ថែមពីលើនោះ ពួកគេសម្រេចិត្តចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ក៏ព្រោះមើលឃើញពីគុណតម្លៃនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីជាច្រើនអាណត្តិកន្លងមក មានគោលនយោបាយដឹកនាំជាតិច្បាស់លាស់ ហើយនាំមកនូវការរួបរួម សន្តិភាព និងការរីកចម្រើនសម្រាប់សង្គមជាតិ។ ពួកគេក៏សម្តែងការពេញចិត្ត និងជឿជាក់ចំពោះការរៀបចំអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដោយប្រគល់ការដឹកនាំប្រទេសជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីពោរពេញដោយសមត្ថភាព ចំណេះដឹង ឆ្លាតវៃ និងមានឆន្ទៈខ្ពស់ក្នុងការបន្តដឹកនាំសង្គមជាតិឱ្យមានសុខសន្តិភាព ការរួបរួម និងការរីកចម្រើន៕