(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៊ី។
នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានគូសបញ្ជាក់ឲ្យដឹងទៀតថា តាមរយៈការជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០% ដោយមិនរឹងបន្តឹងលើប្រាក់ចំណេញ និងការផ្ញើដើមទុនត្រឡប់ទៅវិញ បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែង សម្រាប់ការវិនិយោគ។ សម្តេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ជោគជ័យរបស់អ្នកវិនិយោគ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលផងដែរ។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៉ី។ ទាំងនេះមិនមែនគ្រាន់តែជាពាក្យរបស់ខ្ញុំទេ គោលយោបាយទាំងនេះ ត្រូវបានចែងយ៉ាងពេញលេញ នៅក្នុងការប្តេជ្ញចិត្តរបស់យើងចំពោះ WTO និងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិរបស់យើង។ ជាឧទាហរណ៍ យើងបានផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ និង ការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ ដែលនេះគឺជាចំណុចខុសគ្នា ជាមួយប្រទេសមួយចំនួននៅក្នុងតំបន់។ តាមរយៈការអនុញ្ញាតឱ្យអ្នកវិនិយោគរក្សាប្រាក់ចំណេញរបស់ពួកគេកាន់តែច្រើន យើងពិតជាបានធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែង សម្រាប់ការវិនិយោគ។ ខ្ញុំជាជឿជាក់ថា ជោគជ័យរបស់អ្នកវិនិយោគ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលផងដែរ»។ជាមួយគ្នានេះ សម្តេចបវរធិបតីជឿថា សន្តិភាព និង ស្ថិរភាពនយោបាយ មិនមែនគ្រាន់តែជាភាពទាក់ទាញ សម្រាប់អ្នកវិនិយោគនោះទេ ប៉ុន្តែ «ជាកត្តាដែលចាំបាច់ខានពុំបាន» ។
សម្តេចបានថ្លែងទៀតថា កម្ពុជាមានកម្មវិធីលើកទឹកចិត្តកម្រិតខ្ពស់ ដែលមានភាពទន់ភ្លន់ខ្លាំង នៅក្នុងតំបន់ ដែលត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្ម និងការវិនិយោគឱ្យមានការរីកចម្រើន។ បណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់កម្ពុជា បានផ្តល់នូវវិសាលភាពទីផ្សារធំទូលាយ ។ តាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP), កម្ពុជាផ្តល់នូវទីផ្សារ ដែលមានប្រជាជន ២,៣ ប៊ីលាននាក់ និងកម្លាំងសេដ្ឋកិច្ច ដែលស្មើនឹងជិតមួយភាគបី នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕