(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៃកម្ពុជាបានឱ្យដឹងថា មកទល់បច្ចុប្បន្ននេះ មន្ត្រីជំនាញរបស់កម្ពុជាបានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣លានគ្រាប់ បោសសម្អាតនៅលើផ្ទៃដីជាង ៣,០០០គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន១៥ ក្នុងចំណោម ២៥ជារាជធានី-ខេត្តអស់មីន ខណៈចំនួនជនរងគ្រោះបានធ្លាក់ចុះពីមធ្យមជាង ៤,៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ១៩៩៦ មកតិចជាង១០០នាក់ ក្នុងមួយឆ្នាំក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។
នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគូសបញ្ជាក់ឲ្យដឹងទៀតថា ផលប៉ះពាល់ពីសង្រ្គាមលើសតិអារម្មណ៍ និងស្មារតីមានភាពធ្ងន់ធ្ងរដូចគ្នា។ ការរស់នៅជាមួយគ្រាប់មីនបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើន មានភាពលំបាកក្នុងការទទួលយកការពិតនៃសន្តិភាព និងនឹកស្រមៃដល់អនាគតដ៏ភ្លឺស្វាង។ ស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុកទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាការរំលឹកប្រចាំថ្ងៃអំពីភាពរន្ធត់ កាលពីអតីតកាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជាក្នុងសកម្មភាពដោះមីននឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រពីសហគមន៍អន្តរជាតិ។ តាមរយៈភាពជាដៃគូជាមួយប្រទេសនិងអង្គការម្ចាស់ជំនួយ ដែលបានផ្ដល់នូវកិច្ចគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្ត យើងបានបោះជំហានដ៏សំខាន់ក្នុងការសម្រេចគោលដៅ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មកទល់បច្ចុប្បន្ននេះ យើងបានបំផ្លាញមីន ប្រឆាំងមនុស្សជាង ១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣លានគ្រាប់ យើងក៏បានបោសសម្អាតមីនលើផ្ទៃដីជាង ៣,០០០គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន១៥ ក្នុងចំណោម ២៥ជារាជធានី-ខេត្តអស់មីន។ ចំនួនជនរងគ្រោះក៏បានធ្លាក់ចុះពីមធ្យមជាង ៤,៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ១៩៩៦ មកតិចជាង១០០នាក់ ក្នុងមួយឆ្នាំក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា លើសពីកិច្ចខិតខំប្រឹងប្រែងបោសសម្អាតគ្រាប់មីន គំនិតផ្តួចផ្តើមជំនួយដល់ជនរងគ្រោះជាច្រើន ក្រោមការសម្របសម្រួលដោយ អាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្រ្គោះជនពិការដោយសារមីន (CMAA) បានផ្តល់ការស្តារនីតិសម្បទា និងគាំទ្រការធ្វើសមាហរណកម្មឡើងវិញ និងការតស៊ូមតិសម្រាប់អ្នករស់រានមានជីវិត តាមរយៈការអប់រំអំពីហានិភ័យ។
ទន្ទឹមនឹងនេះដែរ សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមិទ្ធផលជាច្រើនត្រូវបានកើតឡើង។ សេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ មុនការរាតត្បាតនៃជំងឺកូវីដ១៩ បានរីកសាយភាយដល់តំបន់ដែលត្រូវបានដោះមីន។ ទឹកដីដែលធ្លាប់ជាវាលមីន ឥឡូវនេះបានក្លាយទៅជាដីមានជីជាតិសម្រាប់ធ្វើកសិកម្ម នគរូបនីយកម្ម និងការអភិវឌ្ឍ ហើយបានជួយប្រជាជនរាប់លាននាក់ចាកចេញពីភាពក្រីក្រ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រមាណ ៨០% នៃផ្ទៃដីដែលត្រូវបានបោសសម្អាត ត្រូវបានយកទៅប្រើប្រាស់សម្រាប់វិស័យកសិកម្ម ចំណែកនៅផ្ទៃដីនៅសល់ ត្រូវបានប្រើប្រាស់សម្រាប់លំនៅដ្ឋាន និងការអភិវឌ្ឍ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់បង្កើនការតភ្ជាប់ទូទាំងប្រទេស ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់យើងរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាងនេះទៅទៀត យើងបានផ្តល់លទ្ធភាពឱ្យភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ រួមទាំងវិនិយោគិន មកទស្សនាប្រទេសកម្ពុជាផងដែរ។ ប្រទេសកម្ពុជាបានប្រែក្លាយប្រវត្តិសាស្ត្រសោកនាដកម្មរបស់ខ្លួន ទៅជាមេរៀនដ៏មានអានុភាពមួយសម្រាប់ពិភពលោក ដោយបានតស៊ូមតិប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្ហាញពីផលវិបាករយៈពេលវែងរបស់មីន។«ទោះយ៉ាងណាក្តី ដំណើររបស់យើងនៅវែងឆ្ងាយទៀត។ យើងនៅមានផ្ទៃដីមានគ្រាប់មីនជាង ១,៦០០គីឡូម៉ែត្រក្រឡា ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនប្រមាណ ១លាននាក់»។
សូមបញ្ជាក់ថា នៅឆ្នាំ១៩៩២ ការបោសសម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា ត្រូវបានចាប់ផ្តើមជាផ្លូវការ ដោយមានកម្មវិធីសកម្មភាពមីនពេញលេញ ដែលក្នុងរយៈពេលជាង ៣០ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ និងបានប្រែក្លាយ «ដីមីន»ទៅជា «ដីមាស»។ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលមុនៗ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបន្តសកម្មភាពបោះសម្អាតមីន៕