(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល ដែលសហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) ជាមួយស្ថាប័ន និងអង្គការដៃគូជាច្រើនទៀតរបស់ចិន នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា សន្ដិភាព គឺមានតម្លៃខ្លាំងណាស់ និងថែមទាំងជាទំនិញដ៏កម្រ មិនមែនគ្រប់ប្រទេសសុទ្ធតែមានសំណាងទទួលបាននោះឡើយ។
ជាមួយគ្នានោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «មិនមែនគ្រប់ប្រទេសទាំងអស់សុទ្ធតែមានសំណាងទទួលបានសន្តិភាព និងស្ថិរភាពនយោបាយនោះទេ។ សន្តិភាពគឺមានតម្លៃ និងជាទំនិញដ៏កម្រ។ សន្តិភាពមិនអាចកើតឡើងតាមចិត្តចង់បាននោះទេ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, នៅក្នុងពិភពលោកដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ សន្តិភាព និងស្ថិរភាពនយោបាយ បានត្រឹមតែជាសេចក្តីប្រាថ្នាប៉ុណ្ណោះ សម្រាប់ប្រទេសមួយចំនួន។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា សន្តិភាព និងស្ថិរភាពនយោបាយ មិនមែនគ្រាន់តែជាភាពទាក់ទាញ សម្រាប់អ្នកវិនិយោគនោះទេប៉ុន្តែ «ជាកត្តាដែលចាំបាច់ខានពុំបាន»។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៊ី។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា យុគសម័យដ៏ខ្មៅងងឹតបំផុត នៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា បានបញ្ចប់ជាច្រើនទសវត្សរ៍មកហើយ។ ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ លើ
វិស័យជាច្រើន រាប់ចាប់ពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព, ហេដ្ឋារចនាសម្ព័ន្ធទំនើប, និងសេដ្ឋកិច្ចដែលមានសមាហរណកម្មយ៉ាងពេញលេញនៅក្នុងទីផ្សារក្នុងតំបន់ និង ពិភពលោក។
នៅក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ, សន្តិភាព និង ស្ថិរភាពរបស់កម្ពុជា, ទីតាំងយុទ្ធសាស្រ្តនៅក្នុងអាស៊ាន និង គោលនយោបាយ ដែលគាំទ្រសម្រួលធុរកិច្ចរបស់កម្ពុជា ផ្តល់ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការវិនិយោគរបស់ភ្ញៀវទាំងអស់។ នេះជាអ្វីដែលសម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់បន្ថែម៕