2024-10-20 10:10
55

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោកស្រីឯកអគ្គរដ្ឋទូត បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី។

 លោកស្រីឯកអគ្គរដ្ឋទូតគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងគុយបា និងកម្ពុជា ដែលរួមមាន ៖ វិស័យអប់រំ, សុខាភិបាល, កសិកម្ម, និងកីឡា។ លោកស្រីអគ្គរដ្ឋទូតបាន ប្តេជ្ញាខិតខំជំរុញ ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណគុយបា ដែលបានផ្ដល់ការគាំទ្រដល់កម្ពុជានាពេលកន្លងមក រួមទាំងក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ ឆ្នាំ២០២៣។

សម្ដេចបវរធិបតីបាន វាយតម្លៃ ខ្ពស់ចំពោះទំនាក់ទំនង   និង កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរនិងបានគូសបញ្ជាក់ថា ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនធ្វើការជាមួយលោកស្រីឯកអគ្គរដ្ឋទូត និងលើកទឹកចិត្តលោកជំទាវ ឱ្យបន្តធ្វើការកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលថ្មីៗបន្ថែមទៀតផងដែរ។

សម្តេចបវរធិបតី និងលោកស្រីឯកអគ្គរដ្ឋទូតក៏បានផ្លាស់ប្តូរយោបល់លើប្រធានបទអន្តរជាតិមួយចំនួនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕