2024-06-07 01:06
287

សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អនាគតរបស់យើង អាស្រ័យទៅលើយុវជនគ្រប់ៗរូប ដែលជាអ្នកបន្តវេន ព្រោះថាពិភពលោកទាំងមូល ជាពិសេស យុវជនគ្រប់ៗរូប ចាំបាច់ត្រូវចងចាំថា «យើងទាំងអស់គ្នារួមក្នុងជោគវាសនាតែមួយ»។

ការណ៍នេះសម្តេចធិបតីបានថ្លែងក្នុងពិធីបើកមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំឆ្នាំ២០២៤, នាខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «មានតែកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាប៉ុណ្ណោះ ទើបយើងអាចកសាងនូវអនាគតមួយ ដែលនាំឱ្យយើងរីកចម្រើនរួមគ្នាបាន»។ 
សម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា «ការពង្រឹងភាពអង់អាច របស់យុវជន គឺពិតជាការវិនិយោគសម្រាប់អនាគត ដោយសង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច»៕