(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចត្រូវការមនុស្សនៅក្បែរ ជាមនុស្សដែលមានសមត្ថភាព មានឆន្ទៈ និងមានការច្នៃប្រឌិតថ្មីៗ ដើម្បីជួយធ្វើការងារ ជួយឱ្យប្រទេសជាតិរីកចម្រើនបាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះរៀបចំឡើងនៅសាលសន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំក៏ធ្លាប់ធ្វើការឱ្យថ្នាក់លើ ហើយខ្ញុំក៏មានជំនួយការខ្ញុំខ្លះ ជំនួយការខ្ញុំខ្លះសមត្ថភាពគាត់មាន ឆន្ទៈគាត់មាន ប៉ុន្តែអ្នកខ្លះខ្លាចនៅលើគំនិតថ្មី, ប៉ុន្តែអ្នកខ្លះធ្វើគាត់ផ្តល់ឱ្យខ្ញុំ ខ្ញុំដាក់ទៅមួយ គាត់ប្រាប់មកវិញ មានពីរ មានបី ខ្ញុំរើសមួយ ហើយអ្នកនេះហើយដែលខ្ញុំចង់បាន កុំឱ្យខ្ញុំគិតរហូត ជាពិសេសការងារតូចៗ ព្រោះខ្ញុំត្រូវគិតការងារធំៗ ខ្ញុំអត់ត្រូវគិតការងារតូចៗទៀតនោះទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បុគ្គលមានការច្នៃប្រឌិត គឺជាមនុស្សដែលសម្តេចចង់បាន ហើយបើមានអ្នកខ្លះមានច្នៃប្រឌិតដែរ តែចេះតែខ្លាចនេះ ខ្លាចនោះ គឺមិនទៅមុខរួចទេ គឺត្រូវតែចេះជួយគ្នា ផ្តល់យោបល់ឱ្យគ្នា ចេះគាំទ្រគ្នា ទើបអាចបន្តដំណើរទៅមុខរួចបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យបុគ្គលគ្រប់រូប យកអ្វីដែលបានរៀនពីក្រៅយកទៅអនុវត្តនៅកន្លែងធ្វើការ និងបង្កើតជាគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីធ្វើការប្រកួតប្រជែង។ សម្តេចក៏បានស្នើឱ្យស្ថាប័ននីមួយៗ លើកទឹកចិត្តក្នុងការបើកច្រកឱ្យមានការជួយគិតជួយធ្វើ ដើម្បីរួមគ្នាជួយអភិវឌ្ឍ ហើយដើម្បីឱ្យមានការជ្រៀតចូលនិងទាញប្រយោជន៍ជួយដល់សង្គម គឺត្រូវមានកាធ្វើនវានុវត្តន៍ និងការវិវឌ្ឍន៍ជាប្រចាំផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា មូលដ្ឋានធនធានមនុស្សគឺត្រូវមានការភាពរស់រវើក កុំជាមនុស្សទឹកកក ហើយភាពរស់រវើកនោះទៀត គឺត្រូវមានទាំងភាពជឿជាក់ និងភាពក្លាហាន ទើបជួយឱ្យប្រទេសយើងអាចរីកចម្រើនបាន៕