2023-08-07 06:08
584


នារសៀលថ្ងៃអាទិត្យ ៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ នឹងរំលែកទុក្ខក្រុមគ្រួសារសព ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០០នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។ សពឯកឧត្តម សំ ព្រហ្មនា បានតម្តល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋានសពលេខ០៩ ផ្លូវលេខ០៩ ផ្លូវលេខ ៥៦៨ ភូមិ៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
   ក្នុងសាររំលែកមរណទុក្ខ របស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មរណភាពរបស់ឯកឧត្តម សំ ព្រហ្មនា គឺជាការបាត់បង់នូវបញ្ញវន្តដ៏ឆ្នើម និងជាឥស្សរជនខ្មែរមួយរូបដែល បានលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងសមត្ថកិច្ចធានាការពារការគោរព រដ្ឋធម្មនុញ្ញ និង ជាពិសេសឯកឧត្តមបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយវិវាទនៃការបោះឆ្នោតជាច្រើនអាណត្តិកន្លងមកដែលជាការចូលរួមចំណែកក្នុងការលើកកម្ពស់នីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្   នុងសាររំលែកមរណទុក្ខ បន្ថែមថា ស្ថិតក្នុងវេលាដ៏សោកសង្រេង ប្រកបដោយសេចក្តីក្រៀមក្រំនេះ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំអាឡោះអាល័យ ជាមួយឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងបួងសួងសូមវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សំ ព្រហ្មនា បាន អញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
   សូម ឯកឧត្តម និងក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតនេះដោយស្មោះអស់ពីដួងចិត្ត និង សេចក្ដីរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ ៕