2024-03-12 04:03
336

កណ្ដាល៖ ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា «កាលពីសប្តាហ៍មុនយើងបានចុះកិច្ចព្រមព្រៀង ស្ដីពី ការបើកច្រកទំនាក់ទំនងវិស័យផ្លូវអាកាសរវាងប្រទេសប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ដោយចុះហត្ថលេខារួចរាល់ហើយ នៅពេលដែលសម្ដេចដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសអូស្ដ្រាលី និងនៅថ្ងៃខាងមុខនឹងមានការហោះហើរត្រង់តែម្តង»។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានថ្លែងថា ការជួបចំណេះសំណាលជាបងប្អូនសហគមន៍ខ្មែរកំពុងរស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ថ្ងៃមុន មានការលើកអំពីការហោះហើរត្រង់រវាងកម្ពុជា-អូស្ដ្រាលី សម្តេចធិបតីបានបញ្ជាក់ប្រាប់ថា «ចប្ចុប្បន្នព្រលានយន្តហោះយើងកំពង់តែធ្វើ ហើយបានចុះកិច្ចព្រមព្រៀងជាមួយអូស្ត្រាលីរួមរាល់ ថ្ងៃក្រោយនឹងមានការបើកច្រកនៅពេលដែលចំនួនអ្នកធ្វើដំណើរមានការកើនឡើង ខណៈបច្ចុប្បន្ននេះរាល់ការធ្វើដំណើរមកពីប្រទេសអូស្ដ្រាលី ត្រូវឆ្លងកាត់បណ្ដាប្រទេសផ្សេងៗ ទើបបន្ដមកដល់ប្រទេសកម្ពុជា»។

សម្តេចធិបតីប្រមុខដឹកនាំរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា «ក្នុងវិស័យទេសចរណ៍ទាំងដ្ឋារចនាសម្ព័ន្ធផ្លូវអាកាស និងមនុស្សវតែដើរទន្ទឹមគ្នា ប៉ុន្តែទី១ គឺហេដ្ឋារចនាសម្ព័ន្ធក្នុងការបម្រើនេះសំខាន់ ដែលការធ្វើព្រលានយន្តហោះនេះអាចទទួលបានលទ្ធផល និងផ្កែផ្កាល្អប្រសើរហើយពេលដាក់យុទ្ធនាការប្រទេសជាតិនឹងរីកចំរើនថែមទៀត ក្នុងនោះវិស័យទេសចរណ៍ក៏រីកចំរើន និងអាចមានការហោះហើរត្រង់ពីប្រទេសអូស្ត្រាលីមកកម្ពុជា ជាពិសេសការហោះហើរត្រង់ពីគ្រប់បណ្តាប្រទេសប៉ែកអឺរ៉ុបតែម្តង»។

សូមជម្រាបថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ ចំនួន ៩៦១លានដុល្លារ នៃគម្រោងទឹកប្រាក់វិនិយោគ សរុបចំនួន ១,៥០០លានដុល្លារ៕