2024-01-23 04:01
361

ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អូស្រ្តាលីបានគំាទ្រចំពោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសមភាពយេនឌ័រ ធ្វើកំណែទម្រង់និងអភិបាលកិច្ច ពង្រឹងវិស័យសន្តិសុខនិងការពារជាតិ ជាដើម។ ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងកោតសរសើរដល់កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លំាងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩១ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លំាងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ទៅចូលរួមថែរក្សាសុខសន្តិភាព នៅតាមបណ្តាប្រទេសជាច្រើន នៅលើសកលលោកទៀតផង។ ក្នុងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រចំពោះលទ្ធផលពិភាក្សាការងាររវាង ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលី ជាមួយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃរដ្ឋាភិបាលប្រទេសទំាងពីរ នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត។ សម្តេច បានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទំាងពីរជាទំនាក់ទំនងដ៏ល្អ ប្រែក្លាយពីមិត្តភាពដ៏ជិតស្និទ្ធជាដៃគូយុទ្ធសាស្រ្ត ឈរលើសាមគ្គីភាព មិត្តភាព ការស្មោះត្រង់ និងការយោគយល់គ្នា ដើម្បីផលប្រយោជន៍ប្រទេសទំាងពីរ ក៏ដូចជាការចូលរួមរក្សាការពារសុខសន្តិភាពក្នុងតំបន់ និងនៅលើឆាកអន្តរជាតិផងដែរ។ សម្តេចប្រធានរដ្ឋសភា ក៏ស្នើដល់ប្រទេសអូស្រា្តលី ជួយគំាទ្រដល់គោលដៅអភិវឌ្ឍន៍រដ្ឋសភាកម្ពុជា ទៅជាសភាឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងារ ក្នុងការបម្រើផលប្រយោជន៍ប្រជាជន ពលរដ្ឋ និងប្រទេសជាតិ ស្របតាមការរីកចម្រើនសម័យបច្ចេកវិទ្យា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ដែលតែងតែជួយគំាទ្រកម្ពុជា នៅគ្រប់កាលៈទេសៈ មានតំាងពីការស្វែងរកសន្តិភាព និងបានចូលរួមអភិវឌ្ឍនៅកម្ពុជាយ៉ាងសកម្ម នៅលើគ្រប់វិស័យចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់សព្វថ្ងៃនេះ៕