2023-06-12 11:34
709

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួនពីរ សំដៅលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។ 

នៅព្រឹក ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចពញាចក្រី បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ ស្តីពី វិធានដើមកំណើតទំនិញ។ 

សេចក្តីព្រាងច្បាប់ទំាងពីរសុទ្ធសឹងមានសារសំខាន់នៅក្នុងការរស់នៅប្រជាពលរដ្ឋក្នុងសង្គមជាតិ លើកកម្ពស់សុខភាពសាធារណៈ និងការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។ 

សេចក្តីព្រាងច្បាប់ ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន ១២ ជំពូក និង ១៨២ មាត្រា តាក់តែងឡើងក្នុងគោលបំណងធានាឱ្យមានវិធាន និងនីតិច្បាស់លាស់ទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ លើកកម្ពស់គុណភាពនៃការផ្តល់សេវាសំខាន់ៗជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទំាងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំគ្រប់គ្រងស្ថិតិ អត្រានុកូលដ្ឋាន បញ្ជីប្រជាជននិងការរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ចំណែក សេចក្តីព្រាងច្បាប់ ស្តីពី វិធានដើមកំណើតទំនិញ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដូចជាការកំណត់អំពីគោលការណ៍ និងវិធានស្តីពី ដើមកំណើតទំនិញនាំចេញននិងនាំចូល ជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានផលប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងការចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។ 

បន្ថែមពីនេះសេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាចលករក្នុងការជំរុញលំហូរពាណិជ្ជកម្ម តាមរយៈការផ្តល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងការទទួលសំអាងដើមកំណើតទំនិញ ជាដើម៕