2024-11-22 15:35
45

ភ្នំពេញ៖ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ បានចូលរួមកម្មវិធីទទួលសញ្ញាបត្រ កាលពីថ្ងៃទី២១ វិច្ឆិកាម្សិលមិញ ហើយត្រូវបានចោរលួចយកម៉ូតូបាត់នោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ឧបត្ថម្ភម៉ូតូ ០១ គ្រឿង ដើម្បីជាមធ្យោបាយក្នុងការធ្វើដំណើរ។

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបសំណេះសំណាលជាមួយយុវជនរងគ្រោះ មានឈ្មោះ ហេង គឹមហុង ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមគ្រួសារ ក្នុងករណីបាត់ម៉ូតូ ចំនួន ០១គ្រឿង កាលពីម្សិលមិញនេះ នៅទីស្តីការក្រសួង។

តាមការបញ្ជាក់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា និស្សិតរងគ្រោះ ហេង គឹមហុង មានទីលំនៅខេត្តរតនគិរី បានបាត់ម៉ូតូ ០១ គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់និស្សិតរូបនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានឧបត្ថម្ភម៉ូតូ ចំនួន ០១ គ្រឿង និងថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និងក្រុមគ្រួសារផងដែរ។

សូមជម្រាបថា ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី សរុបចំនួន ៨ ៣៣៩ អង្គ/នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលប្រព្រឹត្តទៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា ២០២៤ ម្សិលមិញ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕