កោះកុង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្មី អាណត្តិទី៧ នៃរដ្ឋសភា បានប្រកាសជំហរសារជាថ្មីថា បន្តអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រចរួចហើយថា «យើងនឹងមិនធ្វើវារីអគ្គិសនីដែលនៅលើផ្ទាល់លើដងទន្លេមេគង្គនោះទេ ទោះបីជាកន្លែងវាអំណោយផលយ៉ាងម៉េចក៏ដោយមិនធ្វើដែរ ដើម្បីកុំឱ្យប៉ះពាល់បរិស្ថាន អេកូឡូស៊ី នៅតាមបណ្តោយទន្លេមេគង្គ និងទន្លេសាប ព្រោះវាប៉ះពាល់ធំ ហើយរាជរដ្ឋាភិបាល អាណត្តិទី៧ បន្តអនុវត្តនូវគោលការណ៍នេះ និងដាច់ខាតមិនអភិវឌ្ឍវារីតាមបណ្តោយទន្លេមេគង្គឡើយ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដែលមានកម្លាំងអានុភាព ១៥០ មេហ្កាវ៉ាត់ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «ប្រើសិនបើមានការសាងសងទំនប់វារីអគ្គិសនីតាមបណ្តោយទន្លេវាប៉ះពាល់ច្រើនណាស់ ដូច្នេះរាជរដ្ឋាភិបាលត្រូវតែចៀសវៀង ពិតណាស់អគ្គិសនីយើងមានតម្រូវការដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ផ្សេងៗ ប៉ុន្តែត្រូវមើលកន្លែងណាដែលមិនមានផលប៉ះពាល់ធំ»។ សម្តេចធិបតីបន្ថែមទៀតថា «កន្លែងដែលត្រូវសាងសង់ត្រូវគិតគូរឱ្យហ្មត់ចត់ ពិតណាស់ការសាងសង់នៅកន្លែងណាក៏មានផលបះពាល់ដែរមិនថា នៅសហរដ្ឋអាមេរិក កាណាដា ដែលជាប្រទេសធ្វើការអភិវឌ្ឍន៏លើវិស័យវារីអគ្គិសនីច្រើនជាងគេលើពិភពលោកក៏ប៉ះពាល់ដែរ»៕