2024-05-26 01:05
409

កំពង់ស្ពឺ៖ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ ក្នុងការផ្សងប្រផ្នូលតាមទំនាមទំលាបប្រពៃណីបីបុរណា «គោឧសភរាជ» បានសោយស្រូវ ពោត សណ្តែក តាមជំនឿនឹងទទួលបានទិន្នផលល្អនៅឆ្នាំ២០២៤ 
នេះបើតាមការផ្សងប្រផ្នូលក្នុងព្រះរាជពិធី «ច្រត់ព្រះនង្គ័ល» ដែលប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវប្រារព្ធជារៀងរាល់ឆ្នាំនៅខែពិសាខ ដែលជាព្រះរាជពិធីដ៏សំខាន់មួយនៃពិធីបុណ្យទ្វារទសមាស។ ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងប្រផ្នូល ទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ ៧យ៉ាង រួមមាន៖ ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា ជាដើម។
   ជតាមលទ្ធផលនៃការផ្សងប្រផ្នូលក្រោយព្រះរាជពិធីច្រត់ព្រះនង្គ័ល ជានិមិត្តរូបបីជុំ «គោឧសភរាជ» ត្រូវបានព្រលែងឱ្យទៅបរិភោគអាហារទាំង ប្រាំពីរមុខខាងលើ។ ក្នុងចំណោមអាហារទាំងប្រាំពីរ មុខនេះ មានអាហារ ចំនួនបីមុខ ដែលគោឧសភរាជ បានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវមាន ចំនួន ៩៥ភាគរយ, ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។
តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា «ដំណាំកសិកម្មទាំងបីមុខនេះ ព្រមទាំងដំណាំកសិកម្មផ្សេងៗទៀតនឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ»៕