2024-03-23 01:03
363

នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តព្រៃវែង មណ្ឌលភូមិភាគទី៦ និងលើកទិសដៅអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅទីស្នាក់ការគណបក្សខេត្តព្រៃវែង។ 
    បន្ទាប់ពីឯកឧត្តម ស្បោង សារ៉ាត ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានមានមតិស្វាគមន៍ និងរបាយការណ៍ ស្តីពីការបូកសរុបលទ្ធផលនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងលើកទិសដៅអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ រួចមក អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសម្តែងនូវការគោរព កោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារ និងគណបក្សគ្រប់ថ្នាក់នៃខេត្តព្រៃវែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែងដែលជាអង្គបោះឆ្នោត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់នៃគណបក្សខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងាររួមគ្នាយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ជុំវិញការដឹកនាំរបស់ គណបក្ស ពុះពារចូលរួមដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជាយើង ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។
    ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង សម្តេចក្រឡាហោម បានឯកភាព និងគាំទ្រចំពោះរបាយការណ៍បូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានឆ្លុះបញ្ចាំងអំពីសកម្មភាព និងបទពិសោធន៍ដែលក្រុមការងារ និងគណបក្សខេត្តទទួលបានក្នុងដំណើរការរៀបចំការបោះឆ្នោត ដ៏មានសារសំខាន់នេះ។
យោងតាមការប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រសរុបគ្រប់មណ្ឌលបោះឆ្នោតតាមភូមិភាគទាំង៨ ចំនួន ១០,០៥២ នៃសំឡេងឆ្នោតបានការសរុបចំនួន ១១,៦៩៩ ស្មើនឹង ៨៥,៩% ដោយដណ្តើមបានអាសនៈក្នុងព្រឹទ្ធសភាចំនួន ៥៥ អាសនៈ លើអាសនៈសរុបដែលត្រូវបោះឆ្នោត តាមមណ្ឌលភូមិភាគទាំង៨ ចំនួន ៥៨ អាសនៈ។ ក្នុងនោះខេត្តព្រៃវែង គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៧២៤ សំឡេង គឺកើនលើសអង្គបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាមានចំនួន ៣៩ សំឡេង ចូលរួម ធ្វើឱ្យមណ្ឌលភូមិភាគទី៦ ទទួលបានអាសនៈព្រឹទ្ធសភាសរុបចំនួន ៦ អាសនៈ សម្រេចបានតាមផែនការកំណត់ដោយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន ៦ អាសនៈ។
   សម្តេចមានប្រសាសន៍បន្តថា ជោគជ័យដ៏ធំធេងរបស់គណបក្សក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ បានបង្កលក្ខណសម្បត្តិយ៉ាងរឹងមាំសម្រាប់គណបក្សយើងបន្តគ្រប់គ្រងព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលដ៏មានសារសំខាន់របស់ជាតិ ។
    សម្តេចមានប្រសាន៍បន្ថែមថា ជោគជ័យរបស់គណបក្សក្នុងការបោះឆ្នោតដោយសេរីតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងការបោះឆ្នោតដោយផ្ទាល់ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការបោះឆ្នោតដោយផ្ទាល់ដើម្បី ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣, និងការបោះឆ្នោតអសកលដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គឺជាមូលដ្ឋាននយោបាយដ៏រឹងមាំសម្រាប់គណបក្សយើងសម្រេចបានជោគជ័យជាបន្តទៀតក្នុងការបោះឆ្នោតអសកលដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
    សម្តេចមានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងដំណើរការ បោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងអសកល ទាំងការបោះឆ្នោតនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិចំនួន ១៩ ការបោះឆ្នោតរួចមកហើយ។
    សម្តេចមានប្រសាសន៍គូសបញ្ជាក់ថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ប្រទេសយើងនឹងចាត់ ចែងរៀបចំធ្វើការបោះឆ្នោតអសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ដែលជាគោលនយោបាយកំណែទម្រង់ផ្តួចផ្តើមដោយគណបក្សប្រជាជនកម្ពុជាឱ្យបន្តបោះជំហានទៅមុខ សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាពរយៈពេលវែង។
    សម្តេចមានប្រសាសន៍ណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ទូទាំងខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់បំពេញការងារពាក់ព័ន្ធការបោះឆ្នោត រួមទាំងការរក្សាការពារសន្តិសុខបោះឆ្នោតស្របតាមច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោតតម្រូវ។
    សម្តេចបានយកឱកាសនេះគូសបញ្ជាក់ឡើងវិញជូន ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជ្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតដ៏មានសារៈសំខាន់ ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឱ្យបន្តអភិវឌ្ឍន៍រីក ចម្រើនសម្រាប់ចូលរួមពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ សង្គមលើគ្រប់វិស័យ។ ទន្ទឹមនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាការធានាជំរុញដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាគោលនយោបាយ និងកម្មវិធីកំណែទម្រង់ផ្តួចផ្តើមឡើងដោយគណបក្សប្រជាជនកម្ពុជាឱ្យបន្តបោះជំហានទៅមុខ ប្រកបដោយចីរភាព សំដៅចូលរួមលើកកម្ពស់  ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ គ្រប់ៗរូបក្នុងសង្គម។
    សម្តេចមានប្រសាសន៍លើកឡើងបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានកំណត់ក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតនៅថ្នាក់ជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ អំពីការប្តេជ្ញាចិត្តខាងនយោបាយយ៉ាងមុតមាំរបស់គណបក្ស ក្នុងការបន្តជំរុញដំណើរការកំណែទម្រង់នេះឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយជារដ្ឋបាលប្រកបដោយសក្តានុពល សំដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់សម្រាប់ជា មូលដ្ឋាន ឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
    ផ្អែកលើការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់គណបក្ស រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា បានធ្វើការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាច កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
    ក្រសួង ស្ថាប័ននានានៃរាជរដ្ឋាភិបាល ក្នុងការផ្តល់ការគាំទ្រដល់រដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាល ឃុំ សង្កាត់ ក្នុងការបំពេញការងារ ការផ្តល់សេវា និងការអភិវឌ្ឍនៅ មូលដ្ឋាន។ រដ្ឋបាលក្រុង ស្រុក ក៏ជាថ្នាក់រដ្ឋបាលដែលមានតួនាទីផ្តល់ការគាំទ្រ និងការសម្របសម្រួលជាមួយរដ្ឋបាល ឃុំ សង្កាត់ សម្រាប់លើកកម្ពស់ការផ្តល់ សេវា និងការអភិវឌ្ឍទាំងនៅថ្នាក់ ក្រុង ស្រុក និងនៅតាម ឃុំ សង្កាត់ នានាផងដែរ។
    ហេតុនេះ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ បានរៀបចំប្រព័ន្ធទំនាក់ទំនង ផ្សារភ្ជាប់គ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរការបំពេញការងាររបស់ខ្លួន។ គណបក្សប្រជាជនកម្ពុជាបានធ្វើការប្តេជ្ញាចិត្តខាងនយោបាយ ពុះពារដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិទាំងមូល ដើម្បីធានាដល់ការពង្រឹងរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយជារដ្ឋបាលតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការដ៏រឹងមាំ និងប្រកបដោយសក្តានុពល ដើម្បីចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបសំណូមពរ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់និន្នាការនយោបាយ។ លើមូលដ្ឋាននេះក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេច បានអំពាវនាវដល់អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សបន្តគ្រប់គ្រងដឹកនាំក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សា ក្រុង ស្រុក ទូទាំង ខេត្តព្រៃវែងជាបន្តទៀត៕