2023-09-09 11:09
555

កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ច និងដាក់បទបញ្ជាឲ្យឧបនាយករដ្ឋមន្ត្រី នេត សាវឿន ត្រូវធ្វើការពិនិត្យនៅតាមបន្ទាត់ព្រំដែនពាក់ព័ន្ធទៅលើការគ្រប់គ្រងច្រកចេញ-ចូល ព្រោះស្ដាប់ឮពីប្រជាពលរដ្ឋ និងពលកររបស់យើងអំពីការយកតម្លៃក្រៅផ្លូវការដែលច្រើន ត្រូវរកដំណោះស្រាយហ្នឹងដើម្បីកុំឲ្យលំបាកដល់បងប្អូនឆ្លងកាត់ចេញ-ចូល។ 

នេះជាប្រសាសន៍លើកឡើងនៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត  ដែលមានកម្មករនិយោជិត ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១៤ ក្នុងមូលដ្ឋានស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់តាំងឧបនាយករដ្ឋមន្ត្រី នេត សាវឿន ឲ្យធ្វើការជាមួយគ្រប់ស្ថាប័នដែលពាក់ព័ន្ធការគ្រប់គ្រងច្រកចេញ-ចូល តាមព្រំដែនទាំងអស់ មានក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ កងរាជអាវុធហត្ថ សមត្ថកិច្ចគយ និងអាជ្ញាធរពាក់ព័ន្ធជុំវិញខេត្តជាប់ព្រំដែន ដើម្បីសម្របសម្រួលដោះស្រាយការចេញ-ចូលរបស់ប្រជាពលរដ្ឋជួបការលំបាក។

 លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ខ្ញុំស្តាប់ឮបងប្អូនប្រជាពលរដ្ឋ ពលករយើងលើកឡើងអំពីការចំណាយចេញ-ចូលក្រៅផ្លូវការហ្នឹងច្រើនណាស់ ដែលគាត់ឆ្លងកាត់ត្រូវប្រឈម រកវិធីរកដោះស្រាយ ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋជួបការលំបាកក្នុងការឆ្លងកាត់»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជក់ថា «ប្រគល់ជូនភារកិច្ចឲ្យឧបនាយករដ្ឋមន្ត្រី នេត សាវឿន ទទួលដោះស្រាយការងារនេះ អ្វីជាការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពលករលើរឿងនេះ»៕