2024-11-01 11:11
28

(ភ្នំពេញ)៖ ក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ កោតសរសើរចំពោះការរីកចម្រើន និងវឌ្ឍនភាពក្នុងវិស័យនានានៅកម្ពុជា។ ការគូសរំលេចបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ដឹកនាំដោយលោក Muhammad Abdul Muhith នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤នេះ។

ក្នុងកិច្ចប្រជុំនេះលោកប្រធានគណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អប្រសើររវាងទីភ្នាក់ងារអង្គការសហប្រជាជាតិនិងរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងបានកោតសរសើរចំពោះការរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា។ 

តាមរយៈដំណើរទស្សនកិច្ចតាមបណ្ដាខេត្តមួយចំនួនគណៈប្រតិភូបានកត់សម្គាល់ពីវឌ្ឍនភាពនៃការផ្ដល់សេវាសុខាភិបាល សេវាអប់រំ ព្រមទាំងការចូលរួមរបស់ស្ត្រី និងយុវជននៅតាមសហគមន៍មូលដ្ឋាន។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សា ប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជាឆ្លុះបញ្ចាំងអំពីភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងអង្គការសហប្រជាជាតិដែលនឹងបន្តរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាពនៅកម្ពុជា។

សម្ដេចបវរធិបតីមានប្រសាសន៍បន្ថែមទៀតថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នាពេលនេះក៏បានផ្ដល់ទស្សនទាននិងការយល់ដឹងបន្ថែមទៀតដល់គណៈប្រតិភូអំពីគោលដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាការសម្រេចបានជាសមិទ្ធផលរបស់កម្ពុជានិងវិស័យសក្ដានុពលសម្រាប់កិច្ចសហ ប្រតិបត្តិការ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសកម្ពុជា។

សម្ដេចបវរធិបតី និងលោកប្រធានគណៈប្រតិភូ បានពិភាក្សាអំពីការពង្រឹង និងពង្រីកភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជានិងទីភ្នាក់ងារអង្គការសហប្រជាជាតិលើវិស័យសំខាន់ៗរួមមាន៖ វិស័យសុខាភិបាល វិស័យអប់រំ ការបណ្តុះបណ្តាល ប្រព័ន្ធសុវត្ថិភាពសង្គម ការប្រែប្រួលអាកាសធាតុ ថាមពលស្អាត សមភាពយេនឌ័រ ព្រមទាំងតួនាទីរបស់ ស្រ្តី និងយុវជនជាដើម។

លោកប្រធានគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិបានអះអាងថានឹងជំរុញឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦បន្តរួមចំណែកគាំទ្ររបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជាសំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងអស់ និងមិនទុកនរណាម្នាក់ចោលឡើយ៕