2024-11-06 03:11
36

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានបើកកិច្ចប្រជុំ ដើម្បូធ្វើការពិភាក្សា និងអនុម័ត នូវសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ និងបន្តសុពលភាពនៃអាណត្តិរបស់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកានេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ចំនួន ០២ សំខាន់ៗ។

ចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា រូមមាន ១៖ អង្គប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នូវសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នៅក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ និង ២៖ អង្គប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅព្រឹក ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្រាប់អង្គប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានរបៀបវារៈ  ចំនួន ០២ គឺ ១៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព និង២៖ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម៕