2024-11-21 10:25
46

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងកិច្ចប្រជុំសភាពេញអង្គ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា៖ «រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការពង្រឹង និងជំរុញការអនុវត្តឱ្យកាន់តែប្រសើរថែមទៀត នូវប្រសិទ្ធភាពការងារក្នុងអាណត្តិទី៧ នៃរដ្ឋសភា ជាពិសេសកិច្ចការបរទេស នៅចំពោះមុខបរិបទអន្តរជាតិដែលស្មុគស្មាញ និងមិនប្រាកដប្រជា ស្នើសុំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួន ០២ រូប គឺ លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសថ្លែងបញ្ជាក់ថា៖ «តាមបទពិសោធរបស់ លោក ប្រាក់ សុខុន ក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបទពិសោធរបស់ លោក សុខ ចិន្ដាសោភា ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ការស្នើសុំកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលខាងលើ វានឹងបង្កើនប្រសិទ្ធភាព និងសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេស និងសហប្រតិបត្តិការ និងពាណិជ្ជកម្មនៅលើឆាកអន្តរជាតិ ប្រកបដោយភាពបទបែន និងប្រែក្លាយបញ្ហាប្រឈមនានាទៅជាកាលានុវត្តភាពសម្រាប់លើកម្ពស់ផលប្រយោជន៍ជាតិ»។
 

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ក្នុងរយៈពេលជាង១ឆ្នាំកន្លងមក រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្តូរផ្តេចឥតរាថយទៅក្នុងដំណាក់កាលសភាពការសកលមានការវិវត្តប្រកបដោយភាពស្មុគស្មាញ ពោពេញដោយភាពមិនប្រាកដប្រជា ពិកបាកស្មានក៏រាជរដ្ឋាភិបាលបានចាប់ផ្តើម និងកំពុងបន្តធ្វើដំណើរយ៉ាងស្វាហាប់លើគន្លងវិជ្ជមានដោយសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន ជូនប្រជាជាតិនៃយើង ជាពិសេសបន្តរក្សាបានយ៉ាងប្រសើរនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការបន្តពង្រឹង និងពង្រីកការទំនាក់ទំនងបន្តជាមួយប្រទេសជាមិត្ត ព្រមទាំងដៃគួរសហការសំខាន់ៗទាំងក្រមខ័ណ្ឌធ្វេភាគី និងពហុភាគីផងដែរ»។

សូមជម្រាបថា នៅព្រឹក ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨និង០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិកា រដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១១២ រូប។ អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ចំនួន ០៤ ដោយមានសំឡេង ១១២/១១២៕