2023-12-26 06:12
413

ភ្នំពេញ៖ ដោយហេតុថា «ទិន្នន័យ និងស្ថិតិ» បានដើរតួនាទីសំខាន់ នៅក្នុងគ្រប់ទិដ្ឋភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ ដើម្បីជាការតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ ចំនួន ០៧ចំណុចសំខាន់ៗ។
   អនុសាសន៍សំខាន់ៗ ដែលសម្តេចធិបតី បានដាក់ចេញដើម្បីជាការតម្រង់ទិសដល់ក្រសួងផែនការ ក្នុងពិធីប្រកាសផ្សព្វផ្សាយ របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
ទី១- សូមស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន និងសូមលើកទឹកចិត្តឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ ឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
ទី២- ក្រសួងផែនការ ដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូលទិន្នន័យ ដែលមានលក្ខណៈជាតំណាងពិតប្រាកដ នៃបញ្ហា ដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រយោជន៍ និង ធាតុចូលសម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ដើម្បីធានាបាននូវភាពតំណាងល្អ, សំណាកគំរូ ត្រូវរៀបចំឱ្យបានល្អតាមលក្ខណៈវិទ្យាសាស្ត្រស្ថិតិ ដោយប្រើប្រាស់វិធីសាស្ត្រសំណាកគំរូសមស្រប ។
ទី៣- ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយនឹងក្រសួងផែនការ ក្នុងការធ្វើជំរឿន និងការអង្កេតចាំបាច់នានា ដោយហេតុថា៖ ក្រសួងផែនការ គឺជាស្ថាប័នរដ្ឋ ដែលមានជំនាញបច្ចេកទេសខ្ពស់ទទួលបន្ទុកលើការងារប្រមូលទិន្នន័យ  ដើម្បីលើកកម្ពស់ការងារជំរឿនសង្គម-សេដ្ឋកិច្ចជារួម ក៏ដូចជាដើម្បីជាធាតុចូលសម្រាប់គ្រប់ក្រសួង-ស្ថាប័ន យកទៅអនុវត្តការងាររៀងៗខ្លួន ។
ទី៤-  ក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់ សម្រាប់ការងារអង្កេត និងជំរឿនចាំបាច់នានា ព្រមទាំងការងារប្រែក្លាយទិន្នន័យ ឱ្យទៅជាព័ត៌មានគ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ។
ទី៥- ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរធនធានមនុស្ស ដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និងការវិភាគស្ថិតិ ទាំងក្នុងស្រុក និងពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។ ជាមួយគ្នានេះ, ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ ឱ្យចំជំនាញ ឬក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និងផលិតភាពការងារ។ 
   ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈ៖ (១) ការរើសមន្ត្រីដោយសុក្រឹតភាព និងគុណាធិបតេយ្យ, (២) ការកែទម្រង់ផ្ទៃក្នុង និង (៣) ការរៀបចំប្រព័ន្ធលើកទឹកចិត្តពីថ្នាក់កណ្តាល ដល់ថ្នាក់ក្រោម ទាំងមន្ត្រីក្របខ័ណ្ឌនយោបាយ និងមន្ត្រីទទួលបន្ទុកស្ថិតិ ហើយអ្វីដែលសំខាន់បំផុត គឺការវិនិយោគលើមនុស្ស ជាអាទិភាព ។
ទី៦- សូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការបណ្តុះបណ្តាលមន្ត្រីរបស់ខ្លួននូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ដើម្បីធ្វើយ៉ាងណា ឱ្យមន្ត្រីមានសមត្ថភាពសមរម្យក្នុងការប្រើប្រាស់ស្ថិតិ និងរបកគំហើញ ពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា សម្រាប់ការងាររៀងៗខ្លួន ។
ទី៧- ស្នើឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពបែងចែកធនធានថវិកា សម្រាប់វិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនមូលធនមនុស្ស ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងសម្រាប់វិនិយោគលើឧបករណ៍-បរិក្ខារបច្ចេកវិទ្យាសមស្របសម្រាប់ក្រសួងផែនការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ ក្នុងវិស័យស្ថិតិឱ្យមានប្រសិទ្ធភាពខ្ពស់, មានគុណភាពល្អ និងរហ័សទាន់ពេល ៕