ភ្នំពេញ៖ ក្នុងវេទិកាសាធារណៈប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពក្នុងការជ្រើសរើសមន្ត្រីកិច្ចសន្យាស្ម័គ្រចិត្តចូលបម្រើការងារទៅតាមមុខជំនាញដោយគិតគូអំពីអត្ថប្រយោជន៍ផ្សេងៗជូនពួកគាត់ដោយមិនចាំបាច់មានចងពួកគាត់ច្រើនឡើយ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ នៅក្ក្នុង “ពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤” នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្របកោះពេជ្រ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «ឧទាហរណ៍លោកគ្រូ អ្នកគ្រូនៅតាមមូលដ្ឋានមិនចាំបាច់បានក្របខ័ណ្ឌបានពេញសិទ្ធបង្រៀននោះទេ ប៉ុន្តែយើងត្រូវផ្តល់សិទ្ធ និងឱកាសភ្ជាប់គ្នាប្រើរូបមន្តការគិតគូរបែបនេះ»។ សម្តេចបានបន្ថែមទៀតថា «ឥឡូវវិធីសាស្ត្រថ្មីធានានូវមូលដ្ឋានប្រើប្រាស់កម្លាំងសរុប និងបើឱកាសអញ្ចឹងប្រជាពលរដ្ឋខ្លះ និងយុវជនខ្លះចេញទៅធ្វើការងារវិស័យឯកជន ហើយក្រោយមកគាត់ចង់ស្ម័គ្រចូលរួមជាមួយបម្រើការងារជូនប្រជាពលរដ្ឋ ដោយគាត់ហួសអាយុ ប៉ុន្តែគាត់មានជំនាញបើចង់ចូលក្របខ័ណ្ឌលំបាកណាស់មានតែរៀបចំក្នុងក្របខ័ណ្ឌនយោបាយជាទីប្រឹក្សា អនុរដ្ឋ ឬរដ្ឋលេខាធិការ តែបើក្របខ័ណ្ឌបែបនេះគាត់អាចចូលក្នុងប្រអប់ជាមន្ត្រីធ្វើការងារជំនាញតែម្តងដោយក្នុងក្របខ័ណ្ឌជាបុគ្គលិកជាប់កិច្ចសន្យាជំនាញ ៥ឆ្នាំម្តង ឬលើសពីនេះដែលជាវិធីសាស្ត្រមួយដែលកំពុងគិតគូរដោយមិនចងគាត់នៅនឹងទេ ចប់កុត្រាអាចចេញទៅវិញបាន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ចំពោះអត្ថប្រយោជន៍ផ្សេងៗនៅចូលនិវត្តន៍ត្រូវគិតគូរបូកទាំងអស់អត្ថប្រយោជន៍ទាំងវិស័យឯកជនភ្ជាប់នឹងអត្ថប្រយោជន៍ក្នុងវិស័យរដ្ឋ។ ចំពោះមន្ត្រីដែលចូលនិវត្តន៍យើងត្រូវកុងត្រាជាមួយគាត់ដោយផ្តល់ប្រាក់បៀវត្សន៍ក្នុងកម្រិតណាមួយ»។ សម្តេចធិបតីបានបញ្ជាក់ទៀតថា «ការគិតគូរក្របខ័ណ្ឌថ្មីហើយពេលនោះយើងអត់ខ្វះមន្ត្រីទេ តាមភាពបត់បែនរបស់យើង បើទោះបីចំនួនមន្ត្រីក្របខ័ណ្ឌតិចក៏ដោយក្នុង២០ឆ្នាំទៀត ក៏មិនខ្វះដែរ ពីព្រោះថាអាចយើងបត់បែនជ្រើសរើសមន្ត្រីតាមរយៈមន្ត្រីកិច្ចសន្យានេះ»៕