2024-10-25 10:10
42

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតហុងគ្រី ប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រី-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។

នៅក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចមហាបវរធិបតី ដែលបានដាក់ចេញ និងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបាននិងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង និងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់។ 

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងយូរអង្វែងរវាងហុងគ្រី និងកម្ពុជា ដោយលោកបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
 
នៅក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែច្រើន។  

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព ជាប្រពៃណី និងទំនាក់ទំនង និងសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ តាមរយ:ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងយន្តការពិគ្រោះយោបល់ទ្វេភាគីដោយសម្ដេចបានគូសបញ្ជាក់ថា៖ «យន្តការពិគ្រោះយោបល់ទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ជាយន្តការមួយដែលនឹងជួយពង្រឹង និងពង្រីកនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត»។

សម្ដេចមហាបវរធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអាទិភាពមួយចំនួនជាអាទិ៍៖ ពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងវិស័យធនធានទឹក និងធារាសាស្ត្រ ផងដែរ៕