បាត់ដំបង: ព្រឹកថ្ងៃច័ន្ធ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ អនុប្រធានក្រុមការងារចុះជួយឃុំអំពិលប្រាំដើម និងជាប្រធានក្រុមការងារចុះជួយភូមិ បឹងអារក្ស បានដឹកនាំក្រុមការងារអមដំណើរ ឯកឧត្តម រាជ សុភទ្ទ ប្រធានក្រុមការងារចុះជួយឃុំអំពិលប្រាំដើម ចូលរួមពិធីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅស្រុកបវេល ខេត្តបាត់ដំបង ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង។
សម្តេចក្រឡាហោម អនុប្រធានគណបក្សប្រជាជន កម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ដោយឡែកនោះគឺក្នុងស្រុកបរវេល ដែលបានចូលរួមគាំទ្រការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ មិនត្រឹមតែប៉ុណ្ណោះទេ សម្តេចក៏បានអំពាវនាវសមាជិក សមាជិការ អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង ស៊ីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ។
ក្រោមទទូលអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង រួចមកឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ,ជាប្រធានក្រុមការងារចុះជួយឃុំអំពិលប្រាំដើម និងឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានដឹកនាំក្រុមការងារចុះជួប ព្រមទាំងសួរសុខទុក្ខ លោកមេភូមិ អនុភូមិ សមាជិក សមាជិការ មេក្រុម និងយុវជន ភូមិបឹងអារក្ស ពិសារអាហារសាមគ្គី ដើម្បីរឹតបន្តឹង និងលើកទឹកចិត្ត ជួយជម្រុញប្រជាពលរដ្ឋគ្រប់រូបអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ កក្តដា ឆ្នាំ២០២៣ខាងមុខនេះ ជាពិសេស គឺបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា ដែលមានលេខរៀងទី១៨ ឯកឧត្តម បណ្ឌិត បានបន្តទៀតថា ការបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា គឺជាការបោះឆ្នោតជូនខ្លួនឯង ព្រោះថា មានតែគណបក្សប្រជាជន កម្ពុជា តែមួយគត់ដែលអាចបន្តសុខសន្តិភាព ស្ថេរភាព និងលំនឹងសេដ្ឋកិច្ច។ កាលដែលបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨នេះ គឺបងប្អូនកំពុងរួមចំណែកដ៏ធំក្នុងការថែរក្សា ការពារប្រជាជាតិយើង និងអភិវឌ្ឍន៍ប្រទេសយើងឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្រមតាមគោលការណ៍យុទ្ធសាស្រ្ត របស់ប្រមុខរាជរដ្ឋភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
សូមបញ្ជាក់ថា ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សា សម្តេច ក្រឡាហោម ស ខេង , ជាអនុប្រធានក្រុមការងារចុះជួយឃុំ មហាខ្ញូង និងជាប្រធានក្រុមការងារចុះជួយភូមិអង្គរជ័យលើ ព្រមទាំងជាអនុប្រធានចុះជួយឃុំអំពិលប្រាំដើម និងជាប្រធានក្រុមការងារចុះជួយភូមិបឹងអារក្ស តែងតែព្យាយាម អនុវត្តតាមគោលការណ៍យុទ្ធសាស្រ្តរបស់រាជរដ្ឋភិបាល ក្នុងការលើកទឹកចិត្ត និងផ្តល់ទំនុបចិត្តជូនប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន។ អត្ថបទ: លោក រ៉ម គឹមហួរ