2023-07-11 05:07
799

   ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តចំនួន ៣០០ ទៅ ៣៥០ គ្រឿង ដើម្បីជួយសម្រួលដឹកជញ្ជូនកម្មករ កម្មការនី ធ្វើដំណើទៅធ្វើការបោះឆ្នោត នៅតាមបណ្តាខេត្ត និងការដឹកជញ្ជូននេះ គឺមិនគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយនោះទេ ព្រមទាំងមិនជាការដោះដូរ ឬទិញសន្លឹកឆ្នោតនោះទេ។

   សារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះផ្ញើជួនលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងកម្មករ កម្មការិនីទាំងអស់ថា "រាជរដ្ឋាភិបាលបានអនុញ្ញាតិឲ្យកម្មករ កម្មការិនី បានឈប់សម្រាក ចំនួន ០៣ថ្ងៃ ដើម្បីធ្វើដំណើរទៅបោះឆ្នោត ដោយសារតម្រូវការធ្វើដំណើមានចំនួនច្រើន មធ្យោបាយដឹកជញ្ជូនពិតជាមានបញ្ហាពិបាក ឬការតម្លើងថ្លៃជាដើម"។

ក្នុងន័យនេះ ដើម្បីសម្រួលដល់កម្មករ កម្មការិនីរបស់យើងសម្រាប់ការធ្វើដំណើរទៅស្រុកកំណើរធ្វើការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញនូវរថយន្តពី ៣០០ ទៅ ៣៥០ គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនីទៅតាមបណ្តាខេត្តសម្រាប់ទៅធ្វើការបោះឆ្នោត។

   សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា "ចំពោះការដឹកជញ្ជូននេះ ពុំមានការរើសអើងគណបក្សនយោបាយណាមួយឡើង ដូច្នេះមិនមែនជាការទិញសន្លឹកឆ្នោតនោះឡើយ គឺដឹកគ្រប់និន្នាការនយោបាយ គ្មានការរើសអើងឡើយ វាមិនមែនជាការដោះ ឬទិញសន្លឹកឆ្នោតនោះទេ"។

សម្តេចតេជោបានបញ្ជាក់ថា "ស្នើសុំឲ្យរៀចចំឲ្យច្បាស់លាស់ខេត្តណាតម្រូវការប៉ុន្មាន ព្រោះស្ថានភាពវាខុសគ្នាពីចូលឆ្នាំ ដោយរៀបចំឲ្យមានរថយន្តច្រើនរត់ផ្លូវទៅខេត្តសៀមរាប ព្រោះនៅទីនោះមានអង្គសង្ក្រាន ប៉ុន្តែសម្រាប់កម្មករ កម្មការិនី មកធ្វើការនៅរាជធានីភ្នំពេញ ត្រូវធ្វើដំណើរទៅបោះឆ្នោតវាខុសគ្នា"។ ដូច្នេះសម្តេចស្នើសុំឲ្យក្រសួងការងារ និងអភិបាលរាជធានីភ្នំពេញ ត្រូវបែងចែកតាមផ្លូវដែលមានកម្មករ កម្មការិនីច្រើនមកធ្វើការនៅរាជធានីភ្នំពេញ មិនមែនខេត្តសៀមរាប អាចជាខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ...។

   សម្តេតតេជោ ហ៊ុន សែន បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំពីឥឡូវដើម្បីឲ្យមានអ្នកបើកបរ ធានាឲ្យសុខមាលភាពសម្រាប់កម្មករ កម្មការិនីធ្វើដំណើរទៅធ្វើការបោះឆ្នោត។ សម្តេចតេជោសង្ឃឹមថា វានឹងបន្ធូបន្ថយការលំបាក និងការស្ទះខ្វះមធ្យោបាយព្រោះសព្វថ្ងៃនេះមធ្យោបាយមានរថយន្តឈ្នួល រថយន្តតាក់ស៊ី ប៉ុន្តែកម្មករដែលចេញទៅស្រុកកំណើតរាប់សិបម៉ឺននាក់វាពិតជាធ្វើឲ្យមានការពិបាកចំពោះមធ្យោបាយដឹកជញ្ជូនអាចកម្មករ កម្មការិនីខ្លះទៀតគ្មានមធ្យោយបាយធ្វើដំណើរ ហើយខ្ជិលធ្វើដំណើរទៅតែម្តង ដូច្នេះជាការលើកទឹកចិត្តត្រូវតែសម្រួលបញ្ចេញរថយន្ត ៣០០ ទៅ ៣៥០ គ្រឿងសម្រាប់បម្រើលើការងារនេះ។

   សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែបថា "អ្នកបើកបររថយន្តត្រូវទទួលបានការបោះឆ្នោត គឺមិនអាចមិនបោះឆ្នោតបានឡើយ ដូច្នេះត្រូវរៀបចំឲ្យបានល្អ"៕