2023-07-27 04:07
651

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាកូនប្រុសច្បង និងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនថា “ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន”។

 ក្រោយមានបណ្តាំរបស់លោកឪពុក ដែលជាមេដឹកនាំដ៏ឆ្នើមរបស់កម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញតេលេក្រាមថា “បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ”។

 សូមជម្រាប់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ បានសរសេរសារលើបណ្តាញ Twintter ថា “ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន”។

 សម្តេចតេជោ ហ៊ុន សែន បានសរសេរលើ Twintter នៅថ្ងៃទី២៦ ខែកក្កដា កន្លងទៅថា “វាជាការគាប់ជួនមួយដែលថ្ងៃនេះ ខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណរដ្ឋមន្ត្រី នាថ្ងៃ២២សីហា២០២៣ ខាងមុខនេះ។ ល្ងាចនេះទូរទស្សន៍បាយន្ត័ចាក់ផ្សាយរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីភាគ៧២ គឺចំពេលដែលម៉ាណែតចាកផ្ទៃម្តាយ ថ្ងៃ២០តុលា១៩៧៧”។ សម្តេចតេជោ ហ៊ុន សែន បានសរសេរបន្ថែមទៀតថា “ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ។ ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន”៕