2023-11-02 03:11
666

កណ្តាល៖ ថ្លែងទៅកាន់បងប្អូនកម្មករ-កម្មការិនី នយោជិត ចំនួន   ១៨ ១៩០នាក់ នាឱកាសចុះជួបសំណេះសំណាលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមកពីតាមបណ្តារោងចក្រ សហគ្រាសស ចំនួន ២៩រោងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃព្រហស្បតិ៍ ទី០២  ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចធិបតីបានលើកឡើងថា «ប្រទេសជាតិខ្លាំងទាល់តែប្រជាពលរដ្ឋរស់រវើក មានសមត្ថភាព សុខភាពរឹងមាំ ហើយសំខាន់បំផុតនោះចេះឆក់យកឱកាស ពង្រឹងសមត្ថភាព ពង្រឹងជីវភាពរស់នៅទើបប្រទេសរឹងមាំបាន»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលផ្តល់ការទុកចិត្ត និងពិន្ទុខ្ពស់សម្រាប់គណបក្សប្រជាជនកម្ពុជា បានបម្រើរប្រជាពលរដ្ឋអស់រយៈពេលជាង ៤០ឆ្នាំ និងផ្តល់ឱកាសដើម្បីដឹកនាំបន្តទៅទៀត»។ សម្តេចតេធិបតីបានបន្ថែមថា «ការរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព និងរួមចំណែកពង្រឹងខ្លួនឯង ពង្រឹងភូមិ ឃុំ ស្រុក ខណ្ឌ និងខេត្ត ពង្រឹងស្ថាប័នរបស់ខ្លួន ដើម្បីឱ្យជាតិរបស់យើងកាន់តែរឹងមាំ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយ គឺត្រូវទទួលបន្ទុកធ្វើគោលនយោបាយ រៀបចំផែនការ ចាត់តាំងអនុវត្ត តាមដានត្រួតពិនិត្យការអនុវត្ត និងធ្វើការវាយតម្លៃ ដើម្បីធានាដល់ប្រសិទ្ធផលសម្រាប់ជាតិ និងប្រជាជន ។ ដូចនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា តែងយកគោលការណ៍ជាក់ស្តែងនិយម សម្រាប់យកទៅអនុវត្ត និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រី ចាំបាច់ត្រូវខិតខំរៀបចំ គិតគូរផែនការ គោលនយោបាយ ហើយពន្យល់ និងបកស្រាយដល់ប្រជាពលរដ្ឋឱ្យបានដឹង និងបានយល់ជ្រាបច្បាស់ថាអ្វីដែលជាគុណប្រយោជន៍ដែលនឹងត្រូវទទួលបានពីការដឹកនាំរបស់រាជរដ្ឋាភិបាល។

សម្តចនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមិនខុសនោះទេ ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងក្លាយជាប្រទីបនាំផ្លូវ ដោយប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា»។

សម្តេចអិបតីបញ្ជាក់បន្ថែមថា «សូមបងប្អូនទាំងអស់ចាប់យកឱកាសនេះ ដើម្បីជួយដល់ខ្លួនឯង អភិវឌ្ឍខ្លួន និងខិតខំដើម្បីការរីកចម្រើនទៅមុខ តាមរយៈការពង្រឹងសមត្ថភាព ពង្រឹងជីវភាពរស់នៅ ។ រាជរដ្ឋាភិបាល មានតួនាទីជាអ្នកបង្ហាញទីកន្លែងដែលមានបឹង និងបង្រៀនប្រជាពលរដ្ឋឱ្យចេះស្ទួចត្រី ហើយក៏នឹងផ្តល់ត្រីជូនដល់ប្រជាពលរដ្ឋដែលមានការលំបាក ងាយរងហានិភ័យ និងមានតម្រូវការអាទិភាព ដើម្បីអាចរស់នៅបានល្អ និងមានលទ្ធភាពតស៊ូជម្នះការលំបាក»។ 

កត្តាសំខាន់ ៣ ដែលរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ គឺ៖ ១- ការធានាបរិស្ថានសុខសន្តិភាព ការលើកទឹកចិត្តដល់ការវិនិយោគ និងប្រកបធុរកិច្ចគ្រប់ប្រភេទ, ២- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង៣- ធនធានមនុស្ស៖ សុខភាព និងចំណេះដឹង៕