2024-03-12 04:03
352

កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វិស័យទេសចរណ៍ពិតជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចប្រទេសជាតិ ព្រោះបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋគ្រប់។ សម្តេចធិបតី ថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា «បើសិនជាយើងទាញទេសចរណ៍បាន គឺបង្កើនការងារ បង្កើនចំណូលឱ្យប្រជាពលរដ្ឋរបស់យើងតាមរយៈការផ្តល់សេវាកម្ម ការស្នាក់នៅ និងការលក់ដូរផ្សេងៗដែលនេះហើយជាខ្សែចង្វាក់ នៃផលិតកម្មរបស់យើងអញ្ចឹងអ្នកទេសចរណ៍នេះជារឿងធំ និងសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច»។ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានបានជំរុញដល់បងប្អូនក្នុងវិស័យទេសរួមគ្នាជាមួយរាជរដ្ឋាភិបាលធ្វើយ៉ាងណាបង្កើនភាពទាក់ទាញ និងផលិតរបស់យើងឱ្យច្រើន ព្រោះភ្ញៀវទេសចរណ៍ត្រូវគិតអំពីបរិមាណ និងគុណ។ សូមជម្រាបថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ក្នុងគម្រោងទឹកប្រាក់វិនិយោគ សរុបចំនួន ១,៥០០លានដុល្លារ មានដំណាក់កាល គឺ៖ ដំណាក់កាលទី១ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ ចំនួន ៩៦១លានដុល្លារ ដែលអាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ ក្នុងមួយឆ្នាំ, ដំណាក់កាលទី២ អាចទទួលបានអ្នកដំណើរ ៣០លាននាក់ ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់ ៥០លាននាក់ ក្នុងមួយឆ្នាំ៕