ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយបានគាំទ្រ និងចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋ ចំនួន ៩៩.៩៦៥នាក់ សរុបជាទឹកប្រាក់មាន ចំនួន ១.១៦៤.០៤៧ដុល្លារអាម៉េរិក។
ចំពោះទឹកចិត្តដ៏ប្រពៃរបស់បងប្អូនប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនក្នុងយុទ្ធនាការនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា៖ «បច្ចុប្បន្នភាពនៃទឹកប្រាក់បរិច្ចាគ ដោយគិតមកដល់ម៉ោង ៥និង០០ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋ ចំនួន ៩៩.៩៦៥នាក់ សរុបជាទឹកប្រាក់មាន ចំនួន ១.១៦៤.០៤៧ដុល្លារអាម៉េរិក»។
លោកជំទាវបណ្ឌិត បានគោរពថ្លែងអំណរគុណ ចំពោះការគាំទ្រយ៉ាងផុលផុស ក្នុងស្មារតីសាមគ្គីភាព “ខ្មែរជួយខ្មែរ” របស់ប្រជាជាតិខ្មែរទាំងមូល និងបានអំពាវនាវដល់បងប្អូនសប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ មេត្តាបន្តចូលរួមគាំទ្ររហូតដល់ថ្ងៃបិទយុទ្ធនាការផងដែរ។
សូមជម្រាបថា នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ លោកជំទាវ ពេជ ចន្ទមុន្នី បានអញ្ជើញជាអធិតីភាពបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ដែលយុទ្ធនាការនេះមានរយៈពេល១ខែពេញ គឺចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផលប្រយោជន៍កុមារកម្ពុជា។ នាឱកាសនោះ លោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយ គណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបផងដែរ៕